(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិក Amazon បានប្រកាសជ្រើសរើសបុគ្គលិកថ្មីប្រមាណ ៧៥០០០នាក់ នៅជុំវិញពិភពលោកដើម្បីបម្រើការងារនៅក្នុងឃ្លាំងទំនិញ និងដឹកជញ្ជូន ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺក្រុមហ៊ុននឹងបន្ថែមប្រាក់រង្វាន់លើកទឹកចិត្ត ១០០ដុល្លារ ប្រសិនបើកពួកគេទទួលបានការចាក់វាំងសាំងកូវីដ-១៩រួចរាល់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Amazon បាន ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ជាពិសេសគឺពង្រីកឃ្លាំងស្តុកទំនិញ និងការផ្ដល់សេវាកម្មដឹកជញ្ជូន ដោយសារតែបច្ចុប្បន្ន មានការបញ្ជាទិញតាមអនឡាញច្រើន និងប្រជាពលរដ្ឋភាគច្រើនមិនចាក់ចេញពីផ្ទះដែលតម្រូវឱ្យ Amazon ត្រូវដឹកជញ្ជូនទៅ ដល់ ផ្ទះរបស់ពួកគេ។

ដោយសារតែតម្រូវការនេះហើយទើប Amazon ប្រកាសជ្រើសរើសបុគ្គលិកថ្មី ៧៥០០០នាក់ ដោយក្នុងនោះពួកគេនឹងទទួល បានជាមធ្យម ១៧ដុល្លារអាមេរិកក្នុង១ម៉ោង ដោយបានកើនឡើងពីឆ្នាំមុនចន្លោះពី ០.៥០ ទៅ៣ដុល្លារអាមេរិក ហើយភាគ ច្រើនគឺ ជាបុគ្គលិកដែលបម្រើការងារនៅសហរដ្ឋអាមរិក។

សម្រាប់បុគ្គលិកដែលក្រុមហ៊ុន Amazon បានប្រកាសជ្រើសរើសនេះ នឹងទទួលបានប្រាក់ចំនួន ១០០ដុល្លារ បើសិនជាពួកបង្ហាញ នូវភស្តុតាងណាមួយដែលបញ្ជាក់ថាពួកគេបានទទួលការចាក់វ៉ាក់សាំងកូវីដរួចរាល់នោះ។

យោងតាមសេចក្ដីប្រកាសរបស់ Amazon កាលពីឆ្នាំ ២០២០ បានឱ្យដឹងថា នៅក្នុងវិបត្តិកូវីដនេះ Amazon នឹងព្យាយាមបង្កើន ឱកាសការងារសម្រាប់ពលរដ្ឋអាមេរិកឱ្យបានច្រើនបំផុតរហូតដល់ ៥០០០០០នាក់ ដើម្បីជួយសម្រាលបន្ទុក និងការចំណាយ ចាំបាច់ ប្រចាំថ្ងៃនៅក្នុងគ្រួសាររបស់ពួកគេ៕