(ក្រុងឡុងដ៍)៖ គ្រូបង្វឹកក្រុមមានរហស្សនាមកញ្រ្ជោងខៀវ Leicester City លោក Brendan Rodger បានបង្ហាញថា ការឈ្នះពានរង្វាន់ FA Cup ជាលើកដំបូងនៅថ្ងៃសៅរ៍ ទី១៥ ខែឧសភាខាងមុខនេះ ដែលត្រូវប៉ះ Chelsea នឹងក្លាយជាការរំលឹកដ៏ល្អមួយចំពោះអតីតម្ចាស់ក្លិប លោក Vichai ព្រមទាំងក្រុមគ្រួសាររបស់លោកផងដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុនវិនិយោគលើវិស័យកីឡាបាល់ទាត់អាស៊ី របស់ប្រទេសថៃដែលបានចូលមកកាន់ភាគហ៊ុនក្រុម Leicester City ក្នុងឆ្នាំ២០១០ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមគ្រួសារ Srivaddhanaprabha ខណៈពួកគេបានឈ្នះពានលីគអង់គ្លេស Premier League 2015-2016 បន្ទាប់ពីបានឡើងមកលេងសារថ្មីវិញកាលឆ្នាំ២០១៤ មុនពេលលោក Vichai បានទទួលមរណភាពនៅឆ្នាំ២០១៨។

លោក Rodger បានលើកឡើងមុនការប្រកួតមកដល់ថា «ខ្ញុំពិតជាចង់ឈ្នះពាននេះសម្រាប់លោក Vichai និងក្រុមគ្រួសារលោកណាស់ រួមទាំងធ្វើវាសម្រាប់អ្នកគាំទ្ររួមទាំងកីឡាករទៀតផង»

Leicester City បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ FA Cup សារថ្មីម្តងទៀតក្នុងរយៈពេល ៥២ឆ្នាំមកនេះ គិតចាប់តាំងពីបានត្រឹមជើងឯករង ៤លើកនៃពានកម្រិតទី២ អង់គ្លេសមួយនេះ។ វគ្គផ្តាច់ព្រ័ត្ររវាង Leicester City ទល់នឹងតោខៀវ Chelsea នឹងធ្វើឡើងនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១៖១៥នាទីយប់ (ម៉ោងនៅកម្ពុជា) នៅពេលដែលគូប្រជែង Chelsea ធ្លាប់បានឈ្នះពាន FA Cup ចុងក្រោយក្នុងឆ្នាំ២០១៨៕