(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានបន្ថែមការដាក់ភាពអាសន្ន ដោយសារតែវិបត្តិ COVID-19 នៅថ្ងៃសុក្រនេះ, ត្រឹមរយៈពេល១០សប្តាហ៍ប៉ុណ្ណោះ មុនពេលព្រឹត្តិការណ៍កីឡា Tokyo Olympics ធ្វើឡើង, ស្របពេលដែលអ្នកធ្វើយុទ្ធនាការ បានដាក់ញត្តិ ដែលមានហត្ថលេខា ជាង៣៥០.០០០ ដោយអំពាវនាវឲ្យលុបចោលព្រឹត្តិការកីឡានេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។

ជាមួយនឹងទីក្រុង Tokyo និងតំបន់ផ្សេងទៀត បានស្ថិតនៅក្រោមភាពអាសន្ន រហូតដល់ចុងខែឧសភានេះ ទៅហើយនោះ, តំបន់ចំនួន៣ផ្សេងទៀត ក្នុងនោះរួមទាំង ខេត្តភាគខាងជើងប្រទេសជប៉ុន Hokkaido ដែលនឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង Olympic ដែរនោះ ក៏ត្រូវបានដាក់ស្ថិតក្រោមភាពអាសន្នផងដែរ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានលើកឡើងថា «នៅថ្ងៃនេះ, យើងបានសម្រេចចិត្ត ដាក់បន្ថែមខេត្ត Hokkaido, Okayama និង Hiroshima ជាតំបន់ស្ថិតនៅក្រោមភាពអាសន្ន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភានេះ»

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «តំបន់ទាំងនេះ មានចំនួនប្រជាជនច្រើន ហើយចំនួនករណីឆ្លងថ្មី កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស»

សូមបញ្ជាក់ថា ញ្ញតិដើម្បីលុបចោលព្រឹត្តិការណ៍នេះ ត្រូវបានដាក់ទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ព្រមទាំងអ្នករៀបចំ និងរដ្ឋាភិបាលក្នុងតំបន់ផងដែរ៕