(ភ្នំពេញ)៖ ជាទូទៅការបង្កើតគ្រួសារដែលមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់លុះណាតែបុរស និងនារី មានអាយុចាប់ពី១៨ឆ្នាំឡើង ឬជនដែលទទួលបានអត្តាធីនភាព (ស្ថានភាពដែលអនីតិជនទទួលបានពីការរៀបអាពាហ៍ពិពាហ៍ជាមួយភាគីម្ខាងទៀតជានីតិជន និងការទទួលបានភាពជានីតិជនតាមផ្លូវតុលាការ) បានចុះបញ្ជីអាពាហ៍ពិពាហ៍តាមការកំណត់របស់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

ប៉ុន្តែប្រសិនបើអាពាហ៍ពិពាហ៍កើតឡើងដោយ ការបង្ខិតបង្ខំ ការភាន់ច្រឡំ មិនបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ មិនបានជូនដំណឹងជាសាធារណៈ ចុះកិច្ចសន្យាអាពាហ៌ពិពាហ៌និងមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ នោះត្រូវចាត់ទុកជាមោឃៈ។ ដោយឡែកចំពោះការឆបោក ឬជនដែលមិនទាន់គ្រប់អាយុរៀបអាពាហ៍ពិពាហ៍ និងលក្ខខណ្ឌដែលច្បាប់ហាមឃាត់ត្រូវចាត់ទុកជាការលុបចោលអាពាហ៍ពិពាហ៍។

ដើម្បីយល់កាន់តែច្បាស់ថា តើមោឃភាព និងការលុបចោលអាពាហ៍ពិពាហ៍កើតឡើងដោយមូលហេតុអ្វីខ្លះនោះ សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «មោឃភាព និងការលុបចោលអាពាហ៌ពិពាហ៌» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

តាមបញ្ញត្តច្បាប់បានចែងអំពីមោឃភាពអាពាហ៌ពិពាហ៌ ដែលកើតឡើងដោយសារភាគីណាមួយមិនមានឆន្ទៈក្នុងការរៀបអាពាហ៌ពិពាហ៌ដោយស្ម័គ្រចិត្ត ឬមានការបង្ខិតបង្ខំផ្លូវកាយ ឬផ្លូវចិត្ត ឬការភាន់ច្រលំលើបុគ្គលដែលមានមុខដូចគ្នា (បងប្អូនភ្លោះ) ឬមូលហេតុផ្សេងៗទៀត។ លើសពីនេះប្រសិនបើភាគីពុំបានដាក់ពាក្យសុំរៀបអាពាហ៍ ពិពាហ៍ ជូនដំណឹងជាសាធារណៈ ចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងចុះបញ្ជីអាពាហ៍ពិពាហ៍ទេ នោះក៏ត្រូវចាត់ទុកជាមោឃភាពដែរ ប៉ុន្តែបើមានភាពមិនប្រក្រតីបន្តិចបន្តួចលើនីតិវិធី ដូចជាការសរសេរខុសអក្ខរាវិរុទ្ធ ឬខុសថ្ងៃខែឆ្នាំកំណើតរបស់ភាគី នោះអាពាហ៌ពិពាហ៌នៅតែមានអានុភាពដដែល។

ចំពោះការមិនគោរពតាមបញ្ញត្តច្បាប់ ឬលក្ខខណ្ឌនៃការរៀបអាពាហ៍ពិពាហ៍ នោះអាពាហ៍ពិពាហ៍នឹងត្រូវបានលុបចោលដោយមូលហេតុដូចខាងក្រោម៖

* ជនដែលមិនទាន់គ្រប់អាយុរៀបអាពាហ៍ពិពាហ៍ មានន័យថា បុរស និងនារីជាអនីតិជនមានអាយុក្រោម១៨ឆ្នាំពុំអាចរៀបអាពាហ៍ពិពាហ៍បានឡើយ ប៉ុន្តែអនីតិជន (មានអាយុចាប់ពី១៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដោយមានការយល់ព្រមពីអ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន) មានបំណងរៀបការជាមួយភាគីម្ខាងទៀតជានីតិជន ឬជនដែលទទួលបានអត្តាធីនភាព ទើបអាចរៀបអាពាហ៍ពិពាហ៍បាន។

* ការហាមឃាត់មិនឱ្យមានទ្វេពន្ធភាព ចំពោះបុរសដែលមានសហព័ទ្ធ (ប្រពន្ធ) រួចហើយ ត្រូវបានហាមឃាត់មិនឱ្យមានការរៀបអាពាហ៍ពិពាហ៍ (ចុះបញ្ជីអាពាហ៍ពិពាហ៍) ជាមួយនារីដទៃទៀតបានទេ ចំណែកឯនារីដែលមានសហព័ទ្ធ (ប្តី) ក៏មិនអាចរៀបអាពាហ៍ពិពាហ៍ (ចុះបញ្ជីអាពាហ៍ពិពាហ៍) ជាមួយបុរសដទៃបានឡើយ។

* អំឡុងពេលហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ចំណុចនេះផ្តោតទៅលើនារីត្រូវរង់ចាំ ១២០ថ្ងៃ បន្ទាប់ពីអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ ឬលុបចោល ទើបនារីអាចរៀបអាពាហ៍ពិពាហ៍ថ្មីបាន ដើម្បីសន្មតពីភាពជាឪពុករបស់កូន។ ប៉ុន្តែករណីមានលិខិតបញ្ជាក់ភាពគ្មានផ្ទៃពោះពីវេជ្ជបណ្ឌិត នោះនារីពុំចាំបាច់រង់ចាំដល់ ១២០ថ្ងៃ នៃការរំលាយ ឬលុបចោលអាពាហ៍ពិពាហ៍ចាស់បានកន្លងផុតទេ។

* ការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិតផ្ទាល់ ( ជីប៉ា ជីលា ជីលួត ជីទួត ជីដូនជីតា ឪពុកម្តាយ កូន ចៅ ចៅទួត ចៅលួត ចៅលា ចៅប៉ា) ឬសាខាញាតិលោហិតក្នុងបីថ្នាក់ (បងប្អូនបង្កើត មាមីង និងក្មួយ) រាប់ទាំងថ្នាក់ទីបីផង។ លើសពីនេះចំពោះករណីស្មុំកូនធម្មតា ឬស្មុំកូនពេញលេញក្តី ការរៀបអាពាហ៍ពិពាហ៍ជាមួយថ្នាក់ញាតិរបស់ឪពុកម្តាយបង្កើតត្រូវបានហាមឃាត់។

* ការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធនៃខ្សែផ្ទាល់ (ជីប៉ាក្មេក ជីលាក្មេក ជីលួតក្មេក ជីទួតក្មេក ជីដូនជីតាក្មេក ឪពុកម្តាយក្មេក កូនប្រសារ ចៅប្រសារ ចៅទួតប្រសារ ចៅលួតប្រសារ ចៅលាប្រសារ ចៅប៉ាប្រសារ ) ឬសាខាញាតិពន្ធនៅក្នុងបីថ្នាក់ (បងប្អូនសាច់ថ្លៃ មាមីងក្មេក និងក្មួយសា ច់ថ្លៃ ) រាប់ទាំងថ្នាក់ទីបីផង ប៉ុន្តែបើសហព័ទ្ធ (ប្តី រឺប្រពន្ធ) ណាម្ខាងបានទទួលមរណភាព សហព័ទ្ធដែលនៅរស់ អាចរៀបអាពាហ៍ពិពាហ៍ជាមួយបុគ្គលដែលធ្លាប់ជាសាខាញាតិពន្ធនៅក្នុងថ្នាក់ទីបីបាន។ ដោយច្បាប់យល់ឃើញថាការរៀបអាពាហ៍ពិពាហ៍រវាងថ្នាក់ញាតិដែលជិតគ្នានេះជាទង្វើនាំឱ្យខូចទំនៀមទម្លាប់ សីលធម៌ល្អរបស់សង្គម និងមានផលប៉ះពាល់ដល់ការបង្កកំណើត។

* ការឆបោក ឬការគំរាម ជាឧបាយកលណាមួយដែលធ្វើឱ្យភាគីម្ខាងទៀតរៀបអាពាហ៍ពិពាហ៍ដោយឆន្ទៈមិនពិត ឬទទួលរងសម្ពាធអ្វីមួយដើម្បីយល់ព្រមរៀបអាពាហ៍ពិពាហ៍។

សរុបសេចក្តីមក ដើម្បីឱ្យអាពាហ៍ពិពាហ៍ដែលបានបង្កើតឡើងស្របច្បាប់ជៀសវាង នាំឱ្យអាពាហ៍ពិពាហ៍ទទួលរងនូវការមោឃភាព និងការលុបចោល បុរស ឬនារីត្រូវតែគោរពតាមលក្ខខណ្ឌសារធាតុ និងលក្ខខណ្ឌទម្រង់។ ប្រសិនបើអាពាហ៍ពិពាហ៍ទទួលរងនូវមោឃភាពនោះមានន័យថាអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ពុំមានកើតឡើងតាំងពីដំបូង ដូច្នេះអ្នកមានផលប្រយោជន៍ពាក់ព័ន្ធអាចធ្វើបណ្តឹងតាមផ្លូវតុលាការទាមទារឱ្យបញ្ជាក់អំពីមោឃភាព។ ចំណែកឯ ការលុបចោលអាពាហ៍ពិពាហ៍ត្រូវចាត់ទុកថាអាពាហ៍ពិពាហ៍នោះ មានសុពលភាពរហូតដល់ពេលលុបចោលហើយអ្នកមានផលប្រយោជន៍ទាមទារសិទ្ធិអាចដាក់ពាក្យបណ្តឹងតាមផ្លូវតុលាការដោយយោងមូលហេតុនៃការលុបចោលខាងលើ៕

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៉ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.