(វ៉ាស៉ីនតោន)៖ មិនដូចទៅនឹងបច្ចេកវិទ្យាដទៃទៀត ដូចជាអំពូលភ្លើង ឬក៏ទូរស័ព្ទនោះទេ Internet មិនមែនបង្កើតឡើងដោយមនុស្សតែម្នាក់ ឡើយ ដោយវាបានវិវឌ្ឍខ្លួនជាបន្តបន្ទាប់រហូតក្លាយមកជាអ្វីដែលពួកយើងប្រើប្រាស់សព្វថ្ងៃ ខណៈអ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវបានប្រើ ប្រាស់វាអស់ជាច្រើនឆ្នាំសម្រាប់តែការទំនាក់ទំនង និងចែករំលែកទិន្នន័យជាមួយគ្នា។

បច្ចុប្បន្ន យើងទាំងអស់គ្នាប្រើ Internet ស្ទើរតែសម្រាប់អ្វីៗទាំងអស់ ហើយចំពោះមនុស្សភាគច្រើនប្រហែលជាមិនអាចស្រមៃចេញនោះឡើយនូវការរស់នៅដោយគ្មានវា។ មូលហេតុអ្វីទើបបណ្តាញអ៉ីនធើណិតដែលយើងប្រើសព្វថ្ងៃនេះ ត្រូវបានបង្កើតឡើង?

រឿងរ៉ាវនៃការឈានឆ្ពោះទៅបង្កើតបណ្តាញ Internet បានចាប់ផ្តើមដំបូងបំផុតកាលពីសម័យសង្រ្គាមត្រជាក់៖

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧ សហភាពសូវៀតបានបាញ់បង្ហោះផ្កាយរណបដំបូងបំផុតលើលោកឡើងទៅទីអវកាស។ ផ្កាយរណបនោះ ឈ្មោះថា «Sputnik» ហើយវាមិនមានមុខងារអស្ចារ្យអ្វីនោះទេក្រៅតែពីបាញ់បញ្ជូនរលកសញ្ញាខ្លីៗ ហើយគោចរជុំវិញផែនដីប៉ុណ្ណោះ។ ទោះជា បែបនេះក្តី សហរដ្ឋអាមេរិកយល់ថាស្របពេលដែលអ្នកវិទ្យាសាស្រ្ត និងវិស្វករចំណានៗរបស់ខ្លួនបានផ្តោតលើការបង្កើតរថយន្តធំៗ និង ទូរទស្សន៍ល្អៗ សហភាពសូវៀតឯណោះវិញ ហាក់បានផ្តោតទៅលើវត្ថុដែលមិនសូវលេចធ្លោនោះទេ ប៉ុន្តែប្រហែលអាចជួយពួកគេឱ្យឈ្នះ សង្រ្គាមត្រជាក់។

ដូច្នេះហើយ ក្រោយការបាញ់បង្ហោះផ្កាយរណប Sputnik អាមេរិកបានចាប់ផ្តើមយកចិត្តទុកដាក់ខ្លាំងជាងមុនទៅលើផ្នែកវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា។ សាលារៀននៅសហរដ្ឋអាមេរិកបានចាប់ផ្តើមចាត់បញ្ចូលនូវមុខវិជ្ជា ដូចជាគីមីវិទ្យា រូបវិទ្យា និងគណិតវិទ្យាកម្រិតខ្ពស់។ ចំណែកក្រុមហ៊ុននានា ត្រូវបានរដ្ឋាភិបាលផ្តល់កម្ចីឥតសំណង ដើម្បីយកទៅវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្រ្ត។ ចំណែករដ្ឋាភិបាលអាមេរិក ផ្ទាល់បានបង្កើតទីភ្នាក់ងារថ្មីៗ ដូចជា NASA និង ARPA (បច្ចុប្បន្ន DARPA) ដើម្បីផ្តោតលើការផលិតបច្ចេកវិទ្យាសម្រាប់សម័យអវកាស ដូចជាគ្រាប់រ៉ុក្កែត អាវុធ និងកុំព្យូទ័រ។

* ការចាប់កំណើតនៃ ARPAnet
អ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញវិស័យយោធាអាមេរិកមានក្តីបារម្ភជាពិសេសចំពោះលទ្ធភាពនៃវាយប្រហារមកលើប្រព័ន្ធបណ្តាញទូរស័ព្ទ របស់សហរដ្ឋអាមេរិក ពីសំណាក់សហភាពសូវៀត។ ពួកគេខ្លាចថាមីស៉ីលតែមួយគ្រាប់ប៉ុណ្ណោះ អាចកម្ទេចខ្សែបណ្តាញទូរស័ព្ទទាំងអស់ ដែលមានសារសំខាន់ជាខ្លាំងសម្រាប់ការទំនាក់ទំនងគ្នានៅចម្ងាយឆ្ងាយ។

នៅឆ្នាំ១៩៦២ អ្នកវិទ្យាសាស្រ្តម្នាក់ដែលមកពីសាកលវិទ្យាល័យ MIT និងទីភ្នាក់ងារ ARPA ឈ្មោះ J.C.R. Licklider បានស្នើឡើងនូវដំណោះ ស្រាយសម្រាប់បញ្ហានេះ នោះគឺការបង្កើតបណ្តាញកុំព្យូទ័រទ្រង់ទ្រាយធំមួយ ដែលអាចឆ្លើយឆ្លងជាមួយគ្នាបាន។ បណ្តាញកុំព្យូទ័របែបនេះនឹងអនុញ្ញាតឲ្យថ្នាក់ដឹកនាំប្រទេស ក៏ដូចជារដ្ឋាភិបាលទាំងមូលនៅតែអាចទាក់ទងគ្នាបានដដែល បើទោះបីជាបណ្តាញទូរស័ព្ទត្រូវសូវៀតកម្ទេចខ្ទេច ក៏ដោយ។

នៅឆ្នាំ១៩៦៩ អ្នកវិទ្យាសាស្រ្ត MIT ម្នាក់ទៀតបានបង្កើតមធ្យោបាយមួយ ដើម្បីបញ្ជូនព័ត៌មានរវាងកុំព្យូទ័រហៅថា «Packet Switching»។ វិធីសាស្រ្តនេះគឺវាបំបែកទិន្នន័យទៅជាកញ្ចប់ៗ មុនពេលបញ្ជូនពួកវាទៅកាន់គោលដៅ។ តាមរបៀបនេះ កញ្ចប់ទិន្នន័យនីមួយៗអាចធ្វើដំណើរ លើច្រកផ្លូវផ្សេងៗគ្នាពីកន្លែងមួយទៅកន្លែងមួយ។ ប្រសិនបើគ្មាន Packet Switching នេះទេ បណ្តាញកុំព្យូទ័ររបស់រដ្ឋាភិបាលអាមេរិក ហៅថា ARPAnet ច្បាស់ជាមានចំណុចខ្សោយមិនខុសពីបណ្តាញទូរស័ព្ទឡើយ។

* សារ «LOGIN»
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៦៩ បណ្តាញ ARPAnet បានធ្វើតេស្តបញ្ជូនសារជាលើកដំបូង តាមរបៀបទំនាក់ទំនង «Note-to-Node» គឺរវាងម៉ាស៉ីនកុំព្យូទ័រមួយទៅកាន់ម៉ាស៉ីនកុំព្យូរទ័រមួយទៀត។ ក្នុងពេលនោះគឺម៉ាស៉ីនកុំព្យូទ័រមួយស្ថិតនៅមន្ទីរពិសោធន៍នៅឯ សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា UCLA ដែលស្ថិតក្នុងទីក្រុងឡូសអេនជែឡេស រីឯម៉ាស៉ីនកុំព្យូរទ័រមួយទៀតនៅសាកលវិទ្យាល័យ Stanford ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដូចគ្នា ហើយកុំព្យូទ័រនីមួយៗមានទំហំប៉ុនកូនផ្ទះមួយខ្នង។ សារដែលត្រូវបានបញ្ជូន គឺពាក្យខ្លី និងសាមញ្ញ «LOGIN» ប៉ុន្តែវានៅតែធ្វើឱ្យ បណ្តាញកុំព្យូទ័រដ៏ក្មេងខ្ចីនេះគាំងដដែល ដោយកុំព្យូទ័រនៅ Stanford ទទួលបានតែ ២ អក្សរដំបូងប៉ុណ្ណោះ។

* ការរីកដុះដាលនៃបណ្តាញ ARPAnet
មកដល់ចុងឆ្នាំ១៩៦៩ មានកុំព្យូទ័រតែបួនគ្រឿងប៉ុណ្ណោះ ដែលត្រូវបានតភ្ជាប់ក្នុងបណ្តាញ ARPAnet ប៉ុន្តែវាបានរីកដុះដាលជាបន្តបន្ទាប់នៅ អំលុងទសវត្សរ៍ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ បណ្តាញកុំព្យូទ័រ ALOHAnet របស់សាកលវិទ្យាល័យហាវ៉ៃត្រូវបានតភ្ជាប់ជាមួយ ARPAnet ហើយពីរឆ្នាំក្រោយមក បណ្តាញ កុំព្យួទ័រនៅក្រៅប្រទេស គឺនៅសាកលវិទ្យាល័យទីក្រុងឡុងដ៍ និងមជ្ឈមណ្ឌលរ៉ាដាស្រាវជ្រាវរបស់អង់គ្លេសនៅន័រវែសក៏ត្រូវបានតភ្ជាប់ ថែមទៀត។

ក៏ប៉ុន្តែស្របពេលដែលបណ្តាញកុំព្យូទ័រដែលពឹងផ្អែកលើមធ្យោបាយ Packet Switch នេះរីកដុះដាលទៅៗ បញ្ហាក៏បានកើតឡើង គឺវាពិបាក ក្នុងការរួមបញ្ចូលកុំព្យូទ័រទាំងនោះឱ្យទៅជាអន្តរបណ្តាញមួយ ឬអ៉ីនធើណិត (Internet) ដែលអាចធ្វើទំនាក់ទំនងជាលក្ខណៈសកល។ ពេលមកដល់ចុងទសវត្សរ៍១៩៧០ អ្នកវិទ្យាសាស្រ្តកុំព្យូទ័រម្នាក់ឈ្មោះ Vinton Cerf បានចាប់ផ្តើមរិះរកវិធីដោះស្រាយបញ្ហានេះ តាមរយៈការបង្កើតមធ្យោបាយសម្រាប់ឲ្យកុំព្យូទ័រទាំង អស់នៅតាមបណ្តាញកុំព្យូទ័រតូចៗនៅជុំវិញពិភពលោក អាចធ្វើទំនាក់ទំនងគ្នា បានដោយប្រសិទ្ធភាព។

លោក Cerf បានហៅមធ្យោបាយរបស់លោកថា «Transmission Control Protocol ឬ TCP» ក្រោយមកលោកបានបន្ថែម Protocol មួយទៀត ហៅថា Internet Protocol។ សព្វថ្ងៃពាក្យកាត់របស់ Protocol ទាំងនេះ ត្រូវយើងឃើញនៅក្នុងកុំព្យូរទ័រគឺ TCP/IP។ មធ្យោបាយរបស់លោក Cerf ត្រូវគេចាត់ទុកថាបៀបដូចជាការចាប់ដៃណែនាំឱ្យម៉ាស៉ីនកុំព្យូទ័រនៅឆ្ងាយៗ និងខុសៗគ្នា អាចស្គាល់គ្នាបានដោយប្រសិទ្ធភាពយ៉ាងដូច្នោះនៅក្នុងលំហនៃបណ្តាញកុំព្យូទ័រ។

* បណ្តាញ World Wide Web
មធ្យោបាយរបស់លោក Cerf ក៏បានប្រែក្លាយអ៉ីនធើណិតទៅជាបណ្តាញកុំព្យូទ័រលក្ខណៈសកល ដែលអាចធ្វើការទាក់ទងគ្នាបានដោយ រហូន ។ ពេញមួយទសវត្សរ៍ឆ្នាំ១៩៨០ ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្រ្តបានប្រើប្រាស់វា ដើម្បីផ្ញើឯកសារ និងទិន្នន័យពីកុំព្យូទ័រមួយទៅកាន់ កុំព្យូទ័រមួយទៀត។ ប៉ុន្តែការវិវឌ្ឍនៃបណ្តាញអ៉ីនធើណិតមិនទាន់បញ្ចប់ត្រឹមនេះឡើយ ដោយនៅឆ្នាំ១៩៩១ អ្នកជំនាញកុំព្យូទ័រម្នាក់នៅឯ ប្រទេសស្វីសឈ្មោះ ធីម បឺរណឺសលី (Tim Berners-Lee) បានណែនាំឱ្យពិភពលោកបានស្គាល់នូវ «World Wide Web»

World Wide Web មិនមែនជាបណ្តាញអ៉ីនធើណិត ដែលសម្រាប់តែប្រើដើម្បីផ្ញើឯកសារ ឬទិន្នន័យពីកន្លែងមួយទៅកន្លែងមួយនោះទេ ប៉ុន្ត វាជាសំណាញ់ប្រមូលផ្តុំទៅដោយព័ត៌មាន ដែលនរណាក៏ដោយឱ្យតែនៅលើអ៉ីនធើណិត គឺអាចទាញយកព័ត៌មាន ឬឯកសារទាំងនោះបាន។ និយាយរួម គឺលោក បឺរណឺសលី ជាបុគ្គលដែលបានបង្កើតបណ្តាញអ៉ីនធើណិតឱ្យពួកយើងស្គាល់ និងប្រើប្រាស់សព្វថ្ងៃនេះ។

ចាប់តាំងពីពេលនោះ អ៉ីនធើណិតក៏បានបន្តប្រែប្រួលក្នុងរបៀបជាច្រើនថែមទៀត ដោយនៅឆ្នាំ១៩៩២ និស្សិត និងអ្នកស្រាវជ្រាវមួយក្រុមនៅឯ សាកលវិទ្យាល័យរដ្ឋអ៉ីលីណឺស (Illinois) សហរដ្ឋអាមេរិក បានបង្កើតកម្មវិធី Browser ដំបូងបំផុតមួយហៅថា Mosaic (ក្រោយមកហៅថា Netscape)។ Mosaic គឺដូចកម្មវិធី Firefox និង Chrome ដែលយើងប្រើសព្វថ្ងៃដូច្នោះដែរ វាផ្តល់មធ្យោបាយងាយស្រួលដល់អ្នកប្រើប្រាស់អ៉ីនធើណិត ក្នុងការស្វែងរកព័ត៌មានផ្សេងៗនៅលើ World Wide Web។ អ្នកប្រើប្រាស់អាចមើលឃើញពាក្យ ក៏ដូចជារូបភាពក្នុងទំព័រតែមួយជា លើកដំបូង ហើយប្រើមុខងារ Scrollbar និងចុចលើលីង (Link) បានជាដើម។

គួរជម្រាបថា ក្នុងឆ្នាំដដែលនោះ សភាសហរដ្ឋអាមេរិកបានសម្រេចថាអ៉ីនធើណិត World Wide Web អាចប្រើប្រាស់សម្រាប់គោលដៅពាណិជ្ជកម្ម បាន។ ជាលទ្ធផល ក្រុមហ៊ុននានាបាននាំគ្នារួសរាន់រៀបចំបង្កើតវែបសាយរៀងៗខ្លួន ហើយសហគ្រិនវិស័យ E-Commerce ក៏បានចាប់ផ្តើម ប្រើប្រាស់បណ្តាញអ៉ីនធើណិតនេះ ដើម្បីលក់ផលិតផលដោយផ្ទាល់ទៅកាន់អតិថិជន។ រីឯពេលចុងក្រោយបំផុតនេះ គឺវែបសាយដូចជា បណ្តាញសង្គម រួមមាន Facebook ឬ Twitter បានក្លាយជាមធ្យោបាយដ៏ពេញនិយមបំផុត ដើម្បីឱ្យមនុស្សគ្រប់វ័យរក្សាការទាក់ទងជាមួយ គ្នាជាប់ជានិច្ច ពោលគឺពួកវាក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់ពួកយើងភាគច្រើន៕