(កូរ៉េ)៖ តារាចម្រៀងស្រីល្បីឈ្មោះរបស់កូរ៉េ គឺកញ្ញា IU នាពេលថ្មីៗនេះ បានធ្វើការបរិច្ចាគប្រាក់ចំនួន ៥០០លានវ៉ុន (៤៤៤,០០០ដុល្លារអាមេរិក) ក្នុងថ្ងៃខួបកំណើតរបស់នាង។ អ្វីដែលគ្រប់គ្នាកោតសរសើរជាងនេះ គឺតារាចម្រៀង IU បានយកឈ្មោះអ្នកគាំទ្ររបស់នាង គឺ UAENA ដើម្បីធ្វើការបរិច្ចាគប្រាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

យោងតាម EDAM Entertainment ដែលជាផលិតកម្ម IU កំពុងជ្រកកោនបានឲ្យដឹងថា តារាចម្រៀងស្រីរូបនេះ បានធ្វើការបរិច្ចាគប្រាក់ដែលនាងរកបានចំនួន ៤៤៤,០០០ ដុល្លារអាមេរិក សម្រាប់ធ្វើការងារសប្បុរសធម៌ ជាពិសេសសម្រាប់កុមារដែលរងគ្រោះដោយសារជំងឺផ្សេងៗ និងជួយដល់មជ្ឈមណ្ឌលធ្វើការងារទៅលើវិស័យសប្បុរសធម៌ជាដើម។

គួរជម្រាបថា តារាចម្រៀងស្រី IU បានអបអរខួបកំណើតអាយុ ២៨ឆ្នាំរបស់គេ តាមរយៈការធ្វើការងារសប្បុរសធម៌ ខណៈនេះមិនមែនជាលើកទី១ នោះទេ ដែលតារាចម្រៀង IU បានធ្វើការបរិច្ចាគប្រាក់ផ្ទាល់ខ្លួនជួយដល់សង្គម។ បើតាមមហាជនកត់សម្គាល់ ក្នុងវិស័យសិល្បៈរបស់កូរ៉េ មិនថាតារាប្រុសឬស្រីនោះទេ ពួកគេតែងតែជ្រើសរើសយកថ្ងៃខួបកំណើត ដើម្បីចែកអំណោយដល់អ្នកខ្វះខាត ឬធ្វើការបរិច្ចាគប្រាក់ដល់អ្នកខ្វះខាត និងងាយរងគ្រោះជាដើម៕