(ក្រុងរ៉ូម)៖ អ្នកចាត់ការទូទៅ Roberto Mancini បានបន្តសន្យាដឹកក្រុមជម្រើសជាតិអាសូរីអ៉ីតាលី រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីប្រធានសហព័ន្ធបាល់ទាត់នៃប្រទេសនេះ លោក Gabriele Gravina ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

កិច្ចសន្យាចាស់របស់អតីតគ្រូបង្វឹកនៃក្លិប Manchester City នឹងផុតកំណត់បន្ទាប់ពីចប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅកាតា ហើយកិច្ចសន្យាថ្មីនេះដែរ នឹងបន្តឃើញលោកនៅជាមួយអ៉ីតាលី រហូតដល់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នៅ ៣ប្រទេសផ្សេងគ្នាគឺអាមេរិក មិចស៊ិក និងកាណាដា។

លោក Mancini ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់អ៉ីតាលី ក្នុងខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេបានបរាជ័យក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០១៨ ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ ហើយបារាំង ជាក្រុមជើងឯក។

បុរសវ័យ ៥៦ឆ្នាំរូបនេះបានទទួលបន្ទុកដឹកនាំការប្រកួតចំនួន២៨ប្រកួតមកហើយ ដោយក្នុងនោះធ្លាប់ឈ្នះ១៩ដង និងចាញ់តែ ២ដងប៉ុណ្ណោះ ដែលបានដឹកនាំអតីតក្រុមខ្លាំងនៅអឺរ៉ុបមួយនេះទៅកាន់ European Championship 2020 (UEFA Euro 2020) ក្រោយរកបានជ័យជម្នះ ១០ ក្នុងយុទ្ធនាការជម្រុះនេះ។

លោក Mancini ដែលបានបង្កើតកំណត់ត្រាក្នុងឆ្នាំ២០១៩ ជាមួយនឹងជ័យជម្នះ ១១លើកជាប់ៗគ្នានោះ ក៏បានដឹកនាំអ៉ីតាលី ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League ដែលពួកគេត្រូវលេងនៅប្រទេសអេស្ប៉ាញក្នុងខែតុលា ឆ្នាំ២០២១ ខាងមុខផងដែរ។

អ៉ីតាលី បានស្ថិតក្នុងពូល A ជាមួយនឹងតួកគី វ៉េល និងជម្រើសជាតិស្វីស នៅក្នុងព្រឹត្តិការណ៍ Euro 2020 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ហើយនឹងធ្វើជាម្ចាស់ផ្ទះពិធីបើកព្រឹត្តិការណ៍ប្រកួតនៅទីក្រុង Rome ដោយត្រូវប៉ះតួកគី មុនគេផងដែរ៕