(ភ្នំពេញ)៖ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមរយៈប្រព័ន្ធឌីជីថល ឈានមុខគេ បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសុវត្ថិភាពនៃការទូទាត់ ស្របពេលដែលឥរិយាបថ អ្នកប្រើប្រាស់មានការផ្លាស់ប្តូរ ក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ។ សុវត្ថិភាពក្នុងការទូទាត់ជាគន្លឹះដ៏សំខាន់ ខណៈអាស៊ីប៉ាស៊ីហ្វិកចាប់ផ្តើមដាក់ដំណើរការឡើងវិញនូវពាណិជ្ជកម្មឌីជីថលនៅក្រោយជំងឺរាតត្បាតចប់

នេះជាការថ្លែងទៅកាន់ដៃគូពាណិជ្ជកម្ម និងអតិថិជនជាង ១,៥០០នាក់ លោក Joe Cunningham ដែលជានាយកគ្រប់គ្រងហានិភ័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Visa នៅក្នុងកិច្ចប្រជុំកំពូល ដែលបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ លើប្រធានបទស្តីពី «សុវត្ថិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលជាការរៀបចំឡើងជាលើកដំបូងរបស់ខ្លួន កាលពីសប្តាហ៍មុន Visa បានសង្កត់ធ្ងន់ពីភាពចាំបាច់ទៅលើបទពិសោធន៍ នៃការទូទាត់ដ៏រឹងមាំនៅក្នុងបរិយាកាសពាណិជ្ជកម្ម ដែលមានការផ្លាស់ប្តូរ។

ជាមួយនឹងការផ្លាស់ប្តូរអាកប្បកិរិយា របស់អ្នកប្រើប្រាស់នេះ Visa បានកត់សម្គាល់ឃើញនូវនិន្នាការចំនួនបី ដែលកើតមានជាទូទៅនៅអាស៊ីប៉ាស៊ីហ្វិកទីមួយ៖ ការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless បានក្លាយជាជម្រើសអាទិភាព សម្រាប់សុខភាព និងសុវត្ថិភាព, ទី២៖ បទពិសោធន៍នៃការទិញទំនិញអេឡិចត្រូនិច (eCommerce) តាមតម្រូវការ បានជំរុញឱ្យអ្នកប្រើប្រាស់មានការរំពឹងទុកកាន់តែខ្ពស់ទៅលើគុណភាព និងល្បឿនសេវាកម្ម និងទី៣៖ បន្ទាត់ដែលខណ្ឌចែករវាងពាណិជ្ជកម្មអេឡិចត្រូនិច និងការទិញដោយផ្ទាល់ ហាក់ដូចជានៅមានភាពមិនច្បាស់លាស់។

ហើយជាលទ្ធផល ធ្វើឲ្យការក្លែងបន្លំ ក៏បានផ្លាស់ប្តូររូបភាពពីលក្ខណៈបែបប្រពៃណី ទៅក្នុងរូបភាពបែបពាណិជ្ជកម្មឌីជីថលផងដែរ ដូច្នេះហើយ Visa ក៏កំពុងជំរុញឱ្យឧស្សាហកម្មមួយនេះ ចាត់វិធានការសកម្មផ្សេងៗដើម្បីដោះស្រាយនូវបញ្ហាទាំងនេះ។

លោក Joe Cunningham បានថ្លែងយ៉ាងដូច្នេះថា៖ «ជំងឺរាតត្បាតកូវីតបានជួយពន្លឿនការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ពាណិជ្ជកម្ម និងជារួមគឺការទូទាត់តាមរយៈឌីជីថល។ យើងជឿជាក់ថា គំរូនៃរបត់ផ្លាស់ប្តូរទាំងនេះគឺនឹងបន្តនៅទីនេះជានិរន្តន៍ ហើយអតិថិជនជាច្រើនដែលជាអ្នកប្រើប្រាស់សេវាកម្មឌីជីថលជាលើកដំបូង នឹងត្រូវសម្រេចចិត្តថាតើត្រូវទិញនៅកន្លែងណា បើផ្អែកទៅលើថាតើពួកគាត់អាចទុកចិត្តអ្នកលក់ ឬអត់។ នៅពេលដែលការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធឌីជីថល ក្លាយជាប្រភពចម្បងក្នុងការទិញទំនិញ សុវត្ថិភាពនៃការទូទាត់ប្រាក់ គឺជាកត្តាជំរុញបឋមក្នុងការបង្កើតទំនុកចិត្តដូច្នេះហើយ វិស័យនេះត្រូវតែផ្តល់ជូនអតិថិជន នូវការរំពឹងទុកមួយសម្រាប់បទពិសោធន៍ នៃការទូទាត់ប្រាក់ដែលប្រកបដោយ សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស»

និន្នាការពាណិជ្ជកម្ម ដែលកើតមានបណ្តាលមកពីជំងឺរាតត្បាត បានចង្អុលនូវមធ្យោបាយថ្មីទាក់ទងនឹងរបៀបដែលអតិថិជនទិញទំនិញ និង ការធ្វើប្រតិបត្តិការ។

ទី១៖ ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless - នៅពេលអតិថិជនផ្តល់អាទិភាពទៅលើសុខភាព និងសុវត្ថិភាព ការយកចិត្តទុកដាក់ និងផ្តោតលើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless និង ហេដ្ឋារចនាសម្ព័ន្ធទូទាត់ «ប៉ះដើម្បីបង់ប្រាក់»។ នៅអាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមប្រតិបត្តិការទល់មុខគ្នាពីររបស់ Visa មានមួយដែលប្រើប្រាស់ការទូទាត់តាមរយៈបច្ចេកវិទ្យា contactless។ Visa រំពឹងថា ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless នឹងជំនួសការចាយសាច់ប្រាក់សុទ្ធ ហើយនឹងក្លាយជាវិធីសាស្ត្រទូទាត់ដែលជាទីពេញចិត្តសម្រាប់ម្ចាស់អាជីវកម្ម និងអតិថិជន។

ទី២៖ បទពិសោធន៍នៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចតាមតម្រូវការ អ្នកទិញឥវ៉ាន់រំពឹងថា ផលិតផល និងសេវាកម្ម នឹងអាចរកបាននៅពេលពួកគេមានតម្រូវការ និងនៅទីតាំងដែលពួកគេចង់បាន។ កត្តានេះនឹងតម្រូវឱ្យបទពិសោធន៍ក្នុងការទិញ និងទូទាត់ ត្រូវតែរហ័ស រលូន និងងាយស្រួលជាងមុន ។

ទី៣៖ ភាពមិនច្បាស់នៃខ្សែបន្ទាត់ដែលខណ្ឌរវាងពាណិជ្ជកម្មអេឡិចត្រូនិច និងការទិញលក្ខណៈរូបវ័ន្ត៖ តាមរយៈការបង្ហាញនៅក្នុងទិន្នន័យរបស់ Visa ដែលមិនរាប់បញ្ចូលការធ្វើដំណើរក្រៅប្រទេស ការទូទាត់របស់ពាណិជ្ជកម្មអេឡិចត្រូនិចសកលបានកើនឡើងជាង ២០ភាគរយ នៅក្នុងត្រីមាស ចុងក្រោយ បើធៀបនឹងឆ្នាំមុន ខណៈពេលដែលទំហំនៃការទូទាត់តាមអេឡិចត្រូនិចមានកំណើនជាមធ្យមយ៉ាងតិច ៣០ភាគរយ នៅក្នុងប្រទេសឥណ្ឌា និងសិង្ហបុរី ក្នុងរយៈពេលបីត្រីមាសចុងក្រោយ។ ការកើនឡើងនេះទំនងជានៅតែបន្តនៅពេលដែលកំណើនអេឡិចត្រូនិចនៅតែមានកំណើនយ៉ាងរឹងមាំ បើទោះជាអតិថិជនមួយចំនួនបានចាប់ផ្តើមត្រឡប់ទៅទិញទំនិញនៅតាមបណ្តាហាងវិញក៏ដោយ។

ទាក់ទងនឹងនិភ័យនៃការក្លែងបន្លំ Visa បាននាំមកនូវដំណោះស្រាយផ្សេងៗ ដែលធានាថានឹងមិនធ្វើឱ្យបាត់បង់តុល្យភាពរវាងសុវត្ថិភាពនៃការទូទាត់ និងភាពងាយស្រួលរបស់អតិថិជន។ នោះគឺបច្ចេកវិទ្យា Visa Secure ដែលប្រើស្តង់ដារចុងក្រោយនៃ សុវត្ថិភាព EMV® 3-D បន្ថែមនូវស្រទាប់ការពារពីការក្លែងបន្លំ ដូច្នេះ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកលក់ អាចជឿជាក់ថាប្រតិបត្តិការពិតជាត្រឹមត្រូវ។ ដំណោះស្រាយនេះក៏មានសក្តានុពលក្នុងការកាត់បន្ថយការបាត់បង់ការលក់សម្រាប់ពាណិជ្ជករ ដោយសារតែការទូទាត់ប្រាក់មានការធ្លាក់ចុះ និងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍ទិញទំនិញរបស់អតិថិជនទូទៅ។

សេវាកម្មនិមិត្តសញ្ញា Visa (VTS) មានតួនាទីបង្វែរទិន្នន័យទូទាត់ប្រាក់ងាយដែលរងគ្រោះដូចជា លេខកាត និងព័ត៌មានលម្អិតរបស់គណនីទៅជានិមិត្តសញ្ញា ដូច្នេះហើយធ្វើឱ្យតម្លៃទិន្នន័យធ្លាក់ចុះ និងធ្វើឱ្យវាគ្មានប្រយោជន៍សម្រាប់អ្នកលួចបន្លំ ទោះបីវាត្រូវបានគេលួចក៏ដោយ។ យោងតាមទិន្នន័យរបស់ទីផ្សារសហរដ្ឋអាមេរិកបង្ហាញថា និមិត្តសញ្ញា (token) អាចជួយកាត់បន្ថយការក្លែងបន្លំបានជាមធ្យម ២៦ភាគរយ ប្រៀបធៀបទៅនឹងប្រតិបត្តិការកាត តាមរយៈអ៊ីនធើណេតដែលអតិថិជនបញ្ចូលព័ត៌មានលម្អិតកាតរបស់ពួកគេសម្រាប់ការទូទាត់។

ជាមួយ VTS ក្រុមហ៊ុន Visa បានចំណាយពេលជាង ៥ ឆ្នាំ ដើម្បីចេញនិមិត្តសញ្ញាចំនួន ១,៤ ពាន់លាន នៅទូទាំងពិភពលោក តែឥឡូវនេះ វាបានកើនឡើងលើសពី ២ពាន់លាន និមិត្តសញ្ញា ក្នុងរយៈពេលតែ១០ខែប៉ុណ្ណោះ។ ឥឡូវនេះ VTS គឺជាផ្នែកមួយនៃវេទិកាសុវត្ថិភាពនៃការទូទាត់ធំបំផុតនៅលើទីផ្សារ ដែលផ្តល់ការការពារទិន្នន័យ ខណៈជួយកាត់បន្ថយការបំពេញបែបបទដែលមិនចាំបាច់សម្រាប់អ្នកប្រើប្រាស់។

ជាមួយការសង្កត់ធ្ងន់ទៅលើការកើនឡើងកាន់តែទូលំទូលាយនៃតម្រូវការ ក្នុងការចាប់យកដំណោះស្រាយសុវត្ថិភាពនៃការទូទាត់ដែលស្របតាមស្តង់ដារក្នុងវិស័យនេះ លោក Joe Cunningham ក៏បានបន្ថែមទៀតថា៖ «អ្នកក្លែងបន្លំមួយចំនួន បានវិវត្តវិធីសាស្រ្តក្នុងការបន្លំរបស់ពួកគេ បានលឿនជាងអ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មភាគច្រើនអាចរៀបចំខ្លួនទៅទៀត។ ដូច្នេះហើយ ដើម្បីត្រៀមខ្លួនជាស្រេចមុនពេលមានករណីការបោកបន្លំ វាជាការចាំបាច់ដែលត្រូវធានាថាប្រព័ន្ធទូទាត់បែបអេកូឡូស៊ី មានហេដ្ឋារចនាសម្ព័ន្ធបំពាក់ស្រាប់ជាមួយនឹងដំណោះស្រាយគ្រប់គ្រងការក្លែងបន្លំដែលប្រសើរ និងគួរឱ្យទុកចិត្តបាន។ នៅក្នុងពិភពឌីជីថលដែលមានការរីកធំកាន់តែខ្លាំងឡើង ការទូទាត់ប្រកបដោយសុវត្ថិភាព គឺមានសារៈសំខាន់ណាស់សម្រាប់ការកសាងទំនុកចិត្តរបស់អតិថិជន ហើយវាត្រូវតែជាមូលដ្ឋានគ្រឹះនៃអាជីវកម្ម និងពាណិជ្ជកម្មនាពេលបច្ចុប្បន្ន និងអនាគត»

កិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ទាក់ទងនឹងសុវត្ថិភាពនៃការទូទាត់ របស់ក្រុមហ៊ុន Visa នៅឆ្នាំ ២០២១ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងតំបន់ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ហើយមានការចូលរួមពីអ្នកជំនាញខាងបង្កាហានិភ័យឈានមុខគេ ដើម្បីមកចែករំលែកការរៀនសូត្រ និងការអនុវត្តល្អៗ ស្តីពីសុវត្ថិភាពនៃការច្នៃប្រឌិតលើវិធីសាស្ត្រទូទាត់។

កិច្ចប្រជុំថ្នាក់តំបន់នេះ ក៏បានលើកឡើងពីការផ្លាស់ប្តូរសំខាន់ៗមួយចំនួន ដែលយើងបានជួបដោយផ្ទាល់តាំងពីឆ្នាំមុន ជាពិសេសលើឥរិយាបទរបស់អតិថិជន និងការត្រៀមខ្លួនរបស់សហគ្រាស ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរទាំងនេះ។ វាផ្តោតលើហានិភ័យដែលកើតឡើងពីទិដ្ឋភាពពាណិជ្ជកម្មថ្មី និងវិធានការណ៍ដែលអ្នកពាក់ព័ន្ធត្រូវធ្វើ ដើម្បីការពារអាជីវកម្ម និងអ្នកប្រើប្រាស់របស់ពួកគេ ៕