(សេអ៊ូល)៖ ក្រុមហ៊ុនកំពុងរៀបចំ និងត្រៀមយុទ្ធសាស្ត្រថ្មីដើម្បីស្រូបទាញយកអតិថិជនប្រើប្រាស់ស្មាតហ្វូន LG នៅក្នុង ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីក្រុមហ៊ុន LG ប្រកាសដើរចេញពីវិស័យទូរស័ព្ទចល័ត ដែលវាជាឱកាសល្អបំផុត សម្រាប់ Samsung ប៉ុន្តែ Apple មិនព្រមព្រលែងទីផ្សារមួយនេះឱ្យ Samsung កាន់កាប់តែឯងឡើយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Apple បានសហការជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាកម្មក្នុងស្រុក ដើម្បីរៀបចំនូវកម្មវិធីប្រម៉ូសិនពិសេសមួយ សម្រាប់អតិថិជនប្រើប្រាស់ស្មាតហ្វូន LG ដែលមានបំណងប្ដូរយក iPhone នឹងទទួលបានលុយរហូតដល់ ១៣៥ដុល្លារ អាមេរិក។

កម្មវិធីពិសេសនេះពិតជាគួរឱ្យចាប់អារម្មណ៍មែន ប៉ុន្តែបើតាមរបាយការណ៍ស្ទង់មតិទៅលើអ្នកប្រើប្រាស់ស្មាតហ្វូន V50 ThinQ ឃើញថាមានមនុស្សប្រមាណជិត ៨០ភាគរយនៃអ្នកដែលបានស្ទង់មតិសរុប គ្មានបំណងប្ដូរយក iPhone នោះទេ ផ្ទុយទៅវិញពួកគេចង់ប្ដូរប្រើ Samsung ត្រកូល Galaxy ដោយមូលហេតុភាគច្រើនគឺប្រើប្រាស់ប្រព័ន្ធដំណើរការ Android ដូចគ្នា។

ប្រភពព័ត៌មានក្នុងស្រុកបានផ្សាយថា ក្រុមហ៊ុន Samsung គ្រោងនឹងរៀបចំកម្មវិធីប្រម៉ូសិនពិសេសស្រដៀងគ្នា នេះ ផងដែរ ដើម្បីវាយយកទីផ្សារផ្ដាច់ពី Apple តែម្ដង៕