(ភ្នំពេញ)៖ ដំណឹងទទួលមរណភាពរបស់តារាចម្រៀង ពោរពេញដោយសមត្ថភាពច្រៀងបានច្រើនភាសា គឺលោកស្រី ស៉ិន ឧត្តមផល្លា បានធ្វើឲ្យមិត្តសិល្បៈរួមអាជីពជាមួយ និងអ្នកគាំទ្រស្ទើរមួយជំហៀងប្រទេស សម្តែងការសោកស្តាយ និងអាឡោះអាល័យជាពន់ពេក ដោយនឹកស្មានមិនដល់ថាតារារូបនេះបានលាចាកលោកយ៉ាងឆាប់រហ័សបែបនេះ។ ក្នុងនោះតារាល្បីៗជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ ខណៈខ្លះទៀតបង្ហោះរំឭកពីអនុស្សាវរីយ៍នាពេលកន្លងមក ដូចជាអ្នកនាង ចន ច័ន្ទលក្ខិណា, អ្នកនាង ខាត់ សុឃីម, លោក សាវីន ហ្វីលីព, លោក យ៉ែម សំអូន ជាដើម។

ក្រោយទទួលដំណឹងដ៏សោកស្តាយនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារទាំងអាល័យយ៉ាងដូច្នេះថា «តារាចម្រៀង ស៉ិន ឧត្តមផល្លា បានទទួលមរណភាពហើយ នៅវេលាម៉ោង ៧.៣០ ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺមហារីកកូនកណ្តុរ ។ ជាដំណឹងដ៏សែនតក់ស្លុតបំផុតសម្រាប់បងប្អូនសិល្បៈយើងដែលបានបាត់បង់ធនធានតារាចម្រៀង ដែលមានសមត្ថភាពច្រៀងបានច្រើនភាសា ប្អូនស្រីមានអត្តចរិតស្លូតបូតណាស់ មិនសូវនិយាយច្រើន ដឹងតែញញឹម ហើយបើនិយាយគឺកំប្លែងស្ងួតតែម្តង ប្អូនជាក្រុមការងារដ៏ល្អបំផុត និងចុះសម្រុងគ្នានៅក្នុង Team យើង ហើយប្អូនតែងចុះជួយការងារសង្គមជាមួយបងប្អូនយើងច្រើន បងពិតជាសោកស្តាយណាស់សូមវិញ្ញាណក្ខន្ធប្អូនស្រី ទៅកាន់សុគតិភពដ៏ស្ងប់សុខផងចុះ»

ងាកមកតារាពហុជំនាញ ខាត់ សុឃីម វិញបានរំឭកអនុស្សាវរីយ៍ «លាហើយសម្លាញ់ ទៅមុនហើយហីយ ក្នុងនាមនាងខ្ញុំជាសិល្បៈជំនាន់ ១៩៩៦/១៩៩៧ ដំណាលនឹងអ្នកនាង សុិន ឧត្តម ផល្លា ជាមិត្តក្លើ ដ៏ស្និទ្ធស្នាលអស់រយៈពេលជាង ២០ឆ្នាំ ខ្ញុំពិតជាសោកស្តាយជាពន់ពេក ដោយសម្លាញ់របស់ខ្ញុំ គាត់បានកើតជម្ងឺ មហារីកដ៏ធ្ងន់ធ្ងរ រហូតគាត់ទ្រាំទ្រលែងបាន...លាចាកលោកនេះហើយ សូមសម្លាញ់ទៅឲ្យបានសុខ កើតជាតិណាៗ កុំបីអភ័ព្វដូចជាតិនេះ... គ្នានឹងចងចាំសម្លាញ់ជារៀងរហូត (មិត្តល្អ) សុិន ឧត្តម ផល្លា»

សម្រាប់លោក យ៉ែម សំអូន ដែលជាអ្នករួមការងារផ្នែកចម្រៀងជាមួយគ្នាឯណោះវិញ ហាក់មិនខុសប្លែកពីសិល្បៈផ្សេងទៀតដែរ ដោយបានបង្ហាញក្តីក្រៀមក្រំជាពន់ពេកយ៉ាងដូច្នេះថា «ពិតជាលឿនពេកហើយ ហើយបងក៏ទទួលយកស្ទើរតែមិនបាន ចំពោះដំណឹងនេះបងសោកស្ដាយណាស់ នូវការលារហូតរបស់ប្អូនស្រីសម្លាញ់នៅក្នុងក្រុមរបស់ពួកយើងនឹកអូនរហូត ហើយក៏នៅតែចងចាំនូវអនុស្សាវរីយ៍ល្អពួកយើងនិងក្រុមការងារទាំងអស់មានរួមជាមួយគ្នានាពេលកន្លងមក។ សូមឲ្យប្អូនស្រីបានទៅដល់សុគតិភពទីកន្លែងដែលស្ងប់សុខណាប្អូនណា»

តារាសម្តែង សាវីន ហ្វីលីព បានសម្តែងក្តីអាល័យយ៉ាងដូច្នេះថា «បេីមានជាតិក្រោយមែនសូមឲ្យមនុស្សមានចិត្តធម៌ដូចប្អូន មានអាយុវែងជាងនេះ»

ក្រៅពីសិល្បករ-សិល្បការិនីខាងលើ គឺនៅមានអ្នកក្នុងវិស័យសិល្បៈជាច្រើនរូបទៀត រួមទាំងអ្នកគាំទ្រ បានបង្ហោះសារជាបន្តបន្ទាប់ ក្នុងន័យស្រដៀងគ្នា ដោយនឹកស្មានមិនដល់ថា លោកស្រី ស៉ិន ឧត្តមផល្លា លាចាកលោកឆាប់ៗយ៉ាងនេះឡើយ និងបានបួងសួងឲ្យតារាចម្រៀង ស៉ិន ឧត្តមផល្លា បានទៅកាន់សុខគតិភពផងដែរ។

គួរជម្រាបថា អ្នកនាង ស៉ិន ឧត្តមផល្លា បានប្រឡូកក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះលោកស្រីហាក់មានទស្សនិកជនស្គាល់ច្រើន និងមានប្រជាប្រិយភាពខ្លាំងឡើង ទោះបីជាវ័យកាន់តែជ្រេក្តី ដោយក្រៅពីច្រៀងបានទាំងភាសាអង់គ្លេស, ចិន និងខ្មែរផងនោះ អ្នកនាងមានសមត្ថភាពអាចសម្តែងរឿងផងដែរ។ ភាពយន្តដែលអ្នកនាងបានសម្តែងកន្លងទៅ គឺ «រាជនីភូមិគ្រិះ» របស់ទូរទស្សន៍ហង្សមាស ដែលដើរតួជាម្តាយរបស់លោក ណុប បាយ៉ារិទ្ធ។ តារាចម្រៀងរូបនេះ បានទទួលមរណភាពដោយបន្សុលនូវកូនប្រុសៗដ៏គួរឲ្យស្រឡាញ់ចំនួន៣នាក់ ឲ្យនៅកំព្រា ទាំងម្តាយនិងឪពុក ព្រោះស្វាមីរបស់លោកស្រី ស៉ិន ឧត្តមផល្លា បានទទួលមរណភាពអស់ ពេល ប្រមាណ ជិត ១០ ឆ្នាំ មកហើយ ព្រោះតែ ជួប ឧបទ្ទវហេតុ គ្រោះថ្នាក់ ចរាចរណ៍៕