(អាមេរិក)៖ ខ្សែភាពយន្តហូលីវូដដ៏ល្បី James Bond 007 ត្រូវបានរាយការណ៍មកថា នៅតែបន្តផលិត និងចាក់បញ្ចាំងដដែល បើទោះបីជាក្រុមហ៊ុន Amazon បានទិញយកស្ទូឌីយូ MGM ដែលជាកន្លែងផលិតរឿងនេះក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

ផលិតករ Barbara Broccoli និង Michael Wilson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះថា ក្រុមការងារនៅតែប្តេជ្ញាបន្តផលិតខ្សែភាពយន្ត James Bond ដដែល ដើម្បីទស្សនិកជនទូទាំងពិភពលោកបានទស្សនា។

ជាការកត់សម្គាល់ បច្ចុប្បន្ននេះក្រុមហ៊ុនផលិតភាពយន្តធំៗនិងល្បីៗស្ទើរតែទាំងអស់ បានផ្តោតទៅរកប្រាក់ចំណូលតាមប្រព័ន្ធអនឡាញវិញ ពោលគឺចាប់តាំងពីមានវិបត្តិរាតត្បាតជំងឺកូវីដ-១៩មក ខណៈកាលពីមុនផ្តោតទៅលើសេវាកម្មតាមរោងកុន។ ទោះជាបែបនេះក្តី នៅពេលរោងកុនចាប់ផ្តើមបើកដំណើរការឡើងវិញ ខ្សែភាពយន្តដែលបានចាក់បញ្ចាំងក្នុងរោងកុនរួចហើយ ត្រូវបានលក់សិទ្ធបន្តដើម្បីចាក់បញ្ចាំងតាមអនឡាញដូចជានៅលើ Netflix, Disney+, Apple TV+ និង Amazon Prime ជាដើម។

គួរជម្រាបថា នៅថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុនលក់ទំនិញយក្ស Amazon បានសម្រេចជាផ្លូវការទិញយកក្រុមហ៊ុន MGM ដែលជាស្ទូឌីយោផលិតភាពយន្ត James Bond 007 ក្នុងតម្លៃ ៨.៤៥ពាន់លានដុល្លារអាមេរិក ខណៈការទិញនេះបន្ទាប់ពីក្រុមហ៊ុន MGM មានគម្រោង ប្រកាសលក់ក្រុមហ៊ុន និងបានប្រកាសស្វែងរកប្រភពទុនវិនិយោគថ្មី៕