(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាត់ទុកបេសកកម្មរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការចូលរួមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ពូលC (ជុំទី២) នៅប្រទេសបារ៉ែន នាសប្ដាហ៍ក្រោយ គឺជាមោទនភាពមួយ ទោះពុំទាន់ដឹងលទ្ធផលឈ្នះ ឬចាញ់ក៏ដោយ ព្រោះក្រុមគោព្រៃកម្ពុជា បានពុះពារបញ្ហាប្រឈមជាច្រើនក្នុងបេសកកម្មនេះ។

ប្រមុខបាល់ទាត់កម្ពុជាខាងលើបានលើកឡើងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាល និងជូនពរប្រតិភូ គ្រូបង្វឹក និងកីឡាករ នៃក្រុមជម្រើសជាតិកម្ពុជា មុនធ្វើដំណើរចាកចេញពីមាតុភូមិ ឆ្ពោះទៅប្រទេសបារ៉ែន កាលពីរាត្រីថ្ងៃព្រហស្បត្តិកន្លងទៅ ខណៈពួកគេ នឹងត្រូវធ្វើដំណើរទៅដល់គោលដៅ នាវេលាម៉ោង ២៖២៥នាទីរសៀលថ្ងៃទី២៩ ខែឧសភានេះ ក្រោយចំណាយពេលធ្វើដំណើរ និងរង់ចាំផ្លាស់ប្ដូរជើងហោះហើរអស់រយៈពេល ៣៨ឆ្នាំម៉ោង ។

នាយកឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា «រហូតមកដល់ពេលនេះ ទោះបីជាលទ្ធផលប្រកួតរបស់យើងមិនមែនជាអ្វីដែលយើងចង់បានក៏ដោយ ប៉ុន្ដែវាបានប្រាប់យើងថា យើងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យលទ្ធផលប្រសើរនៅថ្ងៃខាងមុខ»

លោកបន្ដថា «ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមជម្រើសជាតិបានពុះពារទៅចូលរួមប្រកួតដោយប្រឈមមុខនឹងបញ្ហាមួយចំនួនផងដែរដូចជា ការធ្វើដំណើរមានរយៈពេលច្រើនម៉ោង ដែលមិនធ្លាប់ឆ្លងកាត់ ការលំបាកចំពោះការហូបម្ហូបអាហារបរទេស ការលេងដោយគ្នាអ្នកគាំទ្រ និងចំណុចសំខាន់បំផុត គឺយើងត្រូវប្រឈមមុខនឹងជំងឺកូវីដ-១៩ ប៉ុន្ដែយើងមានមោទនភាព ដែលបានធ្វើកិច្ចការងារ ដើម្បីប្រទេសជាតិ»

លើសពីនេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដដែលបានសង្កត់ធ្ងន់ថា «ចាញ់ ឬឈ្នះវាជាលទ្ធផល នៃការប្រកួត អ្វីដែលសំខាន់ជាងគេ គឺអ្នកគាំទ្រចង់ឃើញ គឺការលេងរបស់ក្រុមជម្រើសជាតិកម្ពុជាប្រកបដោយបច្ចេកទេស ការសហការយល់ចិត្តគ្នាបានល្អ និងមានភាពមោះមុត»

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ryu Hirose បានកោះហៅកីឡាករ ២៤រូប ធ្វើដំណើរទៅប្រទេសបារ៉ែន កាលពីយប់រំលងអធ្រាត្រថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែឧសភា ដើម្បីចូលរួមការប្រកួតសេសសល់ ៣ប្រកួតចុងក្រោយ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ។ ប៉ុន្ដែមុនបំពេញបេសកកម្មនេះ ក្រុមគោព្រៃកម្ពុជា ពុំបានប្រមូលផ្ដុំហ្វឹកហាត់នោះទេ ពោលគឺទៅហ្វឹកហាត់ និងត្រៀមការប្រកួតនៅទីនោះតែម្ដង ។

សម្រាប់កម្មវិធីប្រកួត ៣ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា រួមមាននៅថ្ងៃទី៣ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះបារ៉ែន នាវេលាម៉ោង ១១៖៣០នាទីយប់(ម៉ោងនៅកម្ពុជា), ថ្ងៃទី៧ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ាក់ នាវេលាម៉ោង ៩៖៣០នាទីយប់(ម៉ោងនៅកម្ពុជា) និងថ្ងៃទី១១ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ង់ នាវេលាម៉ោង ៩៖៣០នាទីយប់(ម៉ោងនៅកម្ពុជា) ។

ចំពោះលទ្ធផលបណ្ដោះអាសន្នក្នុងពូល C ក្រុមជម្រើសជាតិអ៊ីរ៉ាក់ កំពុងឈរកំពូលតារាង ដោយមាន ១១ពិន្ទុក្នុងដៃ ខណៈបារ៉ែន ឈរលេខ២ និងមាន ៩ពិន្ទុ ហើយក្រុមខ្លាំងអ៊ីរ៉ង់ ដែលនៅសល់ ៤ប្រកួតក្នុងដៃ កំពុងឈរលេខ៣ និងមាន ៦ពិន្ទុ ។ ចំណែកកម្ពុជា ឈរបាតតារាង និងមាន ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លយកាត់ ៥ប្រកួតស្មើ ១ និងចាញ់ ៤ កាលពីឆ្នាំ២០១៩ កន្លងទៅ៕