(ភ្នំពេញ)៖ ទាចទឹកត្រូវបានប្រជាជនមួយចំនួនធំ ជាពិសេសនៅតាមទីជនបទយល់ថាវាជាជំងឺក្រិនថ្លើម។ អ្វីដែលធ្ងន់ធ្ងរទៅទៀតនោះគឺការមានទំលាប់ប្រើប្រាស់ឱសថ តៗគ្នា ឬការព្យាបាលមិនផ្អែកលើវេជ្ជសាស្ត្រត្រឹមត្រូវ ដោយមិនបានជួបពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតនោះទេ។

ម៉្យាងវិញទៀតពួកគាត់អាចនឹងជឿជាក់ពាក្យសំដីនិយាយតៗគ្នាថា ការបូមទឹកពោះមានគ្រោះថ្នាក់ និងបង្កភាពធ្ងន់ធ្ងរដល់អាយុជីវិតអ្នកជំងឺ។ អ្វីទៅជាទាចទឹក? តើការបូមទឹកពោះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកជំងឺដែរឬទេ?

ទាចទឹក គឺជាការមានវត្តមានទឹកក្នុងស្រោមពោះ។ វាជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើនទៀត ដែលទាមទារការពិនិត្យពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតដើម្បីធ្វើរោគវិនិច្ឆ័យជាក់លាក់មួយ។

មូលហេតុចំបងៗដែលបណ្តាលឱ្យលេចចេញជាទាចទឹកនៅកម្ពុជារួមមាន៖
* ជំងឺក្រិនថ្លើមធ្ងន់ធ្ងរ (decompensated cirrhosis)
* ជំងឺរបេងស្រោមពោះ (Peritoneal tuberculosis)
* ការរាលដាលមហារីកក្នុងស្រោមពោះ (Peritoneal carcinomatosis) ដោយសារមហារីកផ្សេងៗដូចជាមហារីកថ្លើម លំពែង ក្រពះ ពោះវៀន អូវែជាដើម។
* ការខ្សោយតំរងនោម និងការខ្សោយបេះដូង

ការធ្វើរោគវិនិច្ឆ័យទាមទារការពិនិត្យពិគ្រោះយ៉ាងយកចិត្តទុកដាក់ រួមផ្សំជាមួយការពិនិត្យអមវេជ្ជសាស្ត្រដូចជាការពិនិត្យឈាម ការពិនិត្យអេកូពោះ ការបូមទឹកពោះ ការថតសួត ឬឈានដល់ការថត ស៊ីធីស្កែនជាដើម។ ការបូមទឹកពោះ គឺជាការពិនិត្យអមវេជ្ជសាស្ត្រមួយដែលចំបាច់ សម្រាប់ចូលរួមក្នុងការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាការព្យាបាលសម្រន់មួយដែរ សម្រាប់អ្នកជំងឺដែលមានទាចទឹក ច្រើនដែលរំខានដល់ការបរិភោគអាហារ តឹងឈឺណែនក្នុងពោះ រហូតដល់មានការរំខានដល់ការដកដង្ហើមផងដែរ។

ចំពោះការបូមទឹកពោះដ៏ចំបាច់នេះ ត្រូវបានអ្នកជំងឺ និងគ្រួសារអ្នកជំងឺមួយចំនួនមានការយល់ច្រឡំ និងលឺតៗគ្នាថា មិនត្រូវអនុញ្ញាតឱ្យវេជ្ជបណ្ឌិតធ្វើការបូមទឹកពោះនោះទេ ព្រោះវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ បន្ថែមពីនេះទៀតពួកគាត់យល់ថា ការបូមទឹកពោះបណ្តាលឱ្យទាចទឹកឡើងកាន់តែខ្លាំងដោយគ្មានបានប្រយោជន៍អ្វីឡើយ។ ការយល់ឃើញនេះ ជាឧបសគ្គរាំងស្ទះដល់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជួយសង្គ្រោះដល់អាយុជីវិតអ្នកជំងឺ។

សរុបសេចក្តីមក ការព្យាបាលទាចទឹក ទាមទារការរកមើលមូលហេតុ និងការព្យាបាលទៅលើជំងឺដែលបង្កវា។ «ការបូមទាចទឹក គឺជាវិធីអមវេជ្ជសាស្ត្រ ដែលសាមញ្ញមិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ សម្រាប់ករណីអ្នកជំងឺមានទាចទឹកច្រើន ដែលរំខានដល់អ្នកជំងឺ យើងអាចធ្វើការព្យាបាលដោយការបូមយកទឹកបរិមាណច្រើន ដើម្បីបន្ធូរដល់ការរំខានរបស់អ្នកជំងឺភ្លាមៗ ដោយវាមិនបង្កគ្រោះថ្នាក់អ្វីឡើយដល់អ្នកជំងឺ ព្រោះថាការបូមនេះបានគោរពតាមក្បួនច្បាប់ត្រឹមត្រូវ ទោះបីក្នុងករណីអ្នកជំងឺក្រិនថ្លើមក៏ដោយ យើងអាចសម្រួលដល់អាការៈអ្នកជំងឺវិញតាមរយៈការប្រើប្រាស់សេរ៉ូមសាច់ (Albumin)»

នេះបើយោងតាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត លី គីមឈន់ ឯកទេស ក្រពះ ពោះវៀន និងអង់ដូស្កូពី នៅមន្ទីរសម្រាកព្យាបាលអេគីប៕