(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ Chelsea បានកំពុងទាក់ទងទិញខ្សែប្រយុទ្ធ Romelu Lukaku វ័យ ២៨ឆ្នាំពីក្លិប Inter Milan មកវិញ តែតោខៀវស្នើសុំតម្លៃពិសេសក្រោម ១០០លានផោនតែប៉ុណ្ណោះ។

តាមរយៈព័ត៌មានពីគេហទំព័រ Dailymail បានចេញផ្សាយនៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ នេះថា Chelsea ដែលស្ថិតក្រោមការបង្វឹករបស់លោក Thomas Tuchel មានបំណងយកអតីតចាស់របស់ក្លិប Lukaku ត្រឡប់មកប្រជែងនៅ Premier League ដ្បិតរូបគេបានកំពុងឡើងជើងខ្លាំងក្នុងរយៈពេល ២រដូវកាលជាមួយ Inter Milan ដែលលេងនៅ Serie A។

Chelsea ចង់បានខ្សែប្រយុទ្ធកណ្តាលខាងលើនេះនៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ចំពោះដែលក្លិប Inter Milan ដែលទើបឈ្នះជើងឯក Serie A បានកំពុងជួបវិបត្តិហិរញ្ញវត្ថុផងនោះ និងអ្នកចាត់ការទូទៅ Antonio Conte ក៏ទើបលាឈប់ពីតំណែងផងនោះ។

នៅចាំបានថា Romelu Lukaku បានចុះកិច្ចសន្យាលេងឲ្យ Chelsea ក្នុងឆ្នាំ២០១១ តាំងពីរូបគេមានអាយុទើបតែ ១៨ឆ្នាំម្ល៉េះ ដែលត្រូវបានដាក់ឲ្យចូលលេងនៅ Premier League បានតែ ១ប្រកួតប៉ុណ្ណោះ មុនពេលខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្សិកខាងលើនេះផ្ទេរជាលក្ខណៈខ្ចីជើងទៅឲ្យក្លិប West Bromwich Albion និងលក់ដាច់ទៅឲ្យ Everton ក្នុងតម្លៃ ២៨លានផោន ក្នុងឆ្នាំ២០១៤៕