(ក្រុងអាយរេស)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាមេរិកខាងត្បូង (CONMEBOL) បានលើកឡើងថា ប្រទេសអាហ្សង់ទីន បានដកសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីន Copa America 2021 ក៏ដោយសារវិបត្តិ COVID-19 កំពុងកើនឡើងក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

ដំបូងឡើយព្រឹត្តិការណ៍នេះគ្រោងធ្វើឡើងដោយមានសហម្ចាស់ផ្ទះជាមួយកូឡុំប៊ី និងអាហ្សង់ទីន តែដោយសារវិបត្តិ COVID-19 ក៏ត្រូវបានរំសាយចោលវិញ ខណៈបច្ចុប្បន្នសហព័ន្ធកំពុងតែសិក្សានឹងផ្តល់សិទ្ធិទៅដល់ប្រទេសដែលបានចាប់អារម្មណ៍ផ្សេងទៀត ដើម្បីទទួលយកការប្រកួតនេះបន្ត ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ដែលមាន ១០ប្រទេសចូលរួម។

គ្រាដែលបញ្ហាអាហ្សង់ទីន មិនអាចធ្វើម្ចាស់ផ្ទះការប្រកួត Copa America កើតឡើង ក្រោយពេលតែ ១០ថ្ងៃប៉ុណ្ណោះដែលប្រទេសកូឡុំប៊ី ត្រូវបានដកសិទ្ធិចេញ បន្ទាប់ពីមានការតវ៉ាពីសំណាក់ពលរដ្ឋជាខ្លាំងចំពោះរដ្ឋាភិបាលនៃបញ្ហា COVID-19 ខណៈដែលពាននេះកាលពីឆ្នាំ២០១៩ បានទៅលើជម្រើសជាតិប្រេស៊ីល ដែលឈ្នះពាននេះបាន ៩ដង និងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយឈ្នះបាន ១៥ដងច្រើនជាងគេជាមួយអាហ្សង់ទីន ឈ្នះបាន ១៤ដង៕