(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានប្រកាសរៀបចំពានរង្វាន់ថ្មីមួយមានឈ្មោះថា CNCC League Cup 2021 ដែលគ្រោងដំណើរការប្រកួតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី២៧ ខែមិថុនាខាងមុខ ដោយមានបេក្ខភាពចូលរួមចំនួន ៨ក្លិបរួមមានក្លិបបឹងកេត ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា កងយោធពលខេមរភូមិន្ទ ខេត្តព្រៃវែង យុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុម ISI ដង្កោសែនជ័យ។

ចំពោះប្រព័ន្ធប្រកួតពានរង្វាន់រយៈពេលខ្លីនេះ គឺបែងចែកជា ២ពូលក្នុងមួយពូលមាន ៤ក្រុម។ ប៉ុន្ដែលទ្ធផលចាប់ឆ្នោតនៅថ្ងៃទី៣១ ខែឧសភានេះ អ្នកគាំទ្របានចាប់អារម្មណ៍ក្រុមខ្លាំងៗ ៣ក្រុមបានស្ថិតក្នុងពូល A ជាមួយគ្នា រួមមានបឹងកេត, ភ្នំពេញក្រោន និងវិសាខា ខណៈ ១ក្រុមទៀត គឺក្រុមមកពីលីគទី២ ISI ដង្កោសែនជ័យ។ រីឯពូល B គឺមានក្រុមកងយោធពលខេមរភូមិន្ទ, ព្រះខ័នរាជស្វាយរៀង, យុវជនបាទី និងខេត្តព្រៃវែង។

តាមការបញ្ជាក់របស់គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា ការបង្កើតពាននេះធ្វើឡើងបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ជាប់បេសកកម្មប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក នៅប្រទេសបារ៉ែន ក៏ដូចជាការផ្ដល់ឱកាសឲ្យកីឡាករក្លិបនីមួយៗបានពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតលីគត្រឡប់មកវិញ ពិសេសក្លិបបឹងកេត និងវិសាខា ត្រូវចូលរួមប្រកួតវគ្គចែកពូល និងវគ្គជម្រុះពានរង្វាន់ AFC Cup 2021 នាខែមិថុនាខាងមុខផងដែរ៕