(ម៉ាឌ្រីដ)៖ លោក Zinedine Zidane បានចោទប្រកាន់ទៅប្រធានក្លិប លោក Florentino Perez ចំពោះការចាកចេញពីក្លិប Real Madrid របស់លោក គឺដោយសារតែប្រធានក្លិប មិនមានជំនឿចិត្តលើរូបលោកក្នុងការដឹកនាំក្រុមបន្តទៀត និងពីបំណងដែលលោកត្រូវការ។

ប្រភពពីគេហទំព័រ Goal បានចេញផ្សាយនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះថា បុរសសញ្ជាតិបារាំង លោក Zinedine Zidane បានចោទប្រកាន់ទៅលោក Florentino Perez ថាលែងមានជំនឿចិត្តលើរូបលោកក្នុងការដឺកនាំក្លិប រួមទាំងការមិនពេញចិត្តនូវអ្វីដែលលោកត្រូវការ កាលពីរដូវកាលមុននៃការប្រជែងលីគ និងក្របខណ្ឌអឺរ៉ុប។

នេះជាការចាកចេញជាលើកទី២ របស់លោក Zidane ពីក្លិបអេស្ប៉ាញ Real Madrid ដែលស្ថិតក្នុងលីគ La Liga បន្ទាប់ពីធ្លាប់ដឹកនាំក្រុមនេះឈ្នះពាន Champions League បាន ៣លើកជាប់គ្នា និងពានលីគ La Liga ២លើក ខណៈរដូវកាលនេះក្លិបបានត្រឹមឈរលេខរៀងទី២ ក្នុងតារាងលីគប៉ុណ្ណោះ ដោយពុំឈ្នះពានណាមួយឡើយ៕