(អាមេរិក)៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានប្រកាសឱ្យដឹងថា រថយន្តអគ្គិសនី Tesla មួយចំនួននឹង ត្រូវ លក់ក្នុងតម្លៃថ្លៃជាងមុន ដោយសារតែបញ្ហានៃសង្វាក់ផលិតកម្ម ក្នុងការផ្គត់ផ្គង់នៅក្នុងឧស្សាហកម្មយានយន្តជាសកល។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Elon Musk បានបញ្ជាក់នៅក្នុងបណ្ដាញសង្គម Twitter ថាបច្ចុប្បន្នឧស្សាហកម្មផលិតយានយន្តនៅក្នុងសកលលោក កំពុងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយសារបញ្ហាសង្វាក់ផ្គត់ផ្គង់ ដែលក្នុងនោះសំខាន់ជាងគេគឺបណ្តាលមកពីកង្វះខាតបន្ទះឈីប នៅក្នុងទីផ្សារ។

បញ្ហានេះផងដែរ ត្រូវបានក្រុមហ៊ុនផលិតរថយន្តធំៗបានលើកឡើង និងបានអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកជួយដោះស្រាយ ហើយថ្មីៗនេះ អាមេរិកក៏បានប្រកាសឱ្យដឹងផងដែរថា នឹងត្រៀមបញ្ចេញកញ្ចប់ថវិកាដ៏ច្រើនមហាសាលមួយដើម្បីដោះស្រាយ វិបត្តិជាសកលនេះ។

តាមពិតទៅវិបត្តិនេះត្រូវបានគេមើលឃើញថា វាបានកើនឡើងដោយសារតែអាមេរិកផ្ទាល់ ព្រោះអាមេរិកបានព្រួយបារម្ភទៅលើ បណ្ដាញសន្តិសុខ និងសុវត្តិភាព ដែលបានហាមឃាត់ការនាំចូលនូវបន្ទះឈីបពីប្រទេសចិន និងបានហាមឃាត់ក្រុមហ៊ុនអាមេរិក ជាច្រើនឱ្យឈប់ធ្វើជំនួញជាមួយនឹងក្រុមហ៊ុនចិន ដែលជំរុញឱ្យកើតមានវិបត្តិជាសកលនេះ។

បញ្ហាកង្វះខាតបន្ទះឈីបសម្រាប់ផលិតរថយន្តនេះផងដែរ ត្រូវបានសារព័ត៌មានខាងលើបញ្ជាក់ថា បានប៉ះពាល់ដល់វិស័យផលិតយានយន្តដែលគិតជាទឹកប្រាក់មានទំហំរហូតដល់ ១១០ពាន់លានដុល្លារ អាមេរិក
នៅក្នុងឆ្នាំ២០២១ នេះ ខណៈដែលក្រុមហ៊ុន Ford និង GM បានប៉ះពាល់ខ្លាំងជាងគេ៕