(ភ្នំពេញ)៖ អ្នកគាំទ្របានសម្ដែងការចាប់អារម្មណ៍ជាខ្លាំង ក្រោយការតែងតាំងលោក Lee Tae Hoon ជាអ្នកចាត់ការក្រុមថ្មីរបស់ក្លិបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) កាលពីព្រឹកមិញ ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំ។ ប៉ុន្ដែទន្ទឹមជាមួយគ្នា ក៏មានចម្ងល់មួយចំនួនបានលើកឡើងថា ហេតុអ្វីបានជាគ្រូបង្វឹកកូរ៉េខាងត្បូងរូបនេះមិនជ្រើសរើសក្លិបផ្សេងៗ ដ្បិតមានព័ត៌មានចរចាមអារ៉ាមថា មានក្លិបជាច្រើនក៏បានចែចូវរូបលោកផងដែរ?

ឆ្លើយតបនឹងចម្ងល់ខាងលើ លោក Lee បានបង្ហើបថា ពិតជាមានក្លិបចាប់អារម្មណ៍លើរូបលោកមែន តែគ្មានក្លិបណាមួយទាក់ទងរូបលោកផ្លូវការឡើយ ផ្ទុយពីការគិតរបស់ខ្លួន ដែលរំពឹងថា អាចនឹងមានក្លិបច្រើនទាក់ទងរូបលោក បន្ទាប់ពីចែកផ្លូវជាមួយក្លិប Hoang Anh Gia Lai នៅលីគកំពូលវៀតណាម។ ដូច្នេះលោកពិតជារីករាយ ដែលបានចូលរួមជាមួយក្រុមកងយោធពលខេមរភូមិន្ទ និងជាក្លិបអាជីពនៅកម្ពុជា ដែលលោកចង់ត្រឡប់មកប្រកបអាជីពវិញ។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះបានបញ្ជាក់ថា «ខ្ញុំពិតជាទទួលបានជាព័ត៌មាន និងបានអានព័ត៌មានមួយចំនួនផងដែរ ហើយខ្ញុំសង្ឃឹមថា អាចនឹងមានក្រុមទាក់ទងមកច្រើន ប៉ុន្ដែជាក់ស្ដែងគ្មានទេ។ សូមបញ្ជាក់ថា អត់មានក្លិបណាទាក់ទងមកខ្ញុំផ្លូវការនោះទេ គ្រាន់តែមានក្លិបមួយចំនួនចាប់អារម្មណ៍ជាមួយនឹងខ្ញុំ ប៉ុន្ដែមិនមានការជូនដំណឹងមកផ្លូវការ។ តែយ៉ាងណា ខ្ញុំសូមអរគុណអ្នកគាំទ្រកម្ពុជា ដែលតែងចាប់អារម្មណ៍លើខ្ញុំ»

ជាមួយការនាំយកគ្រូបង្វឹកដ៏មានបទពិសោធមកដឹកនាំក្រុមនេះ អគ្គលេខាធិការក្រុមទ័ព លោក ខូវ ឆាយ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ដ្បិតដំបូងឡើយ លោកមិនសូវមានជំនឿចិត្តក្នុងការនាំយកលោក Lee Tae Hoon មករួមក្រុមនោះទេ។ ដោយផ្អែកលើចក្ខុវិស័យស្របគ្នានេះ លោករំពឹងថា នឹងជំរុញការអភិវឌ្ឍកីឡាករ ក៏ដូចជាក្រុមកងយោធពលខេមរភូមិន្ទកាន់តែរីកចម្រើនថែមទៀត។

លោក ខូវ ឆាយ និយាយថា «ដោយមើលឃើញពីបទពិសោធ ស្នាដៃ និងទស្សនៈវិស័យរបស់គាត់ ការដឹកនាំរបស់គាត់ ស្របជាមួយនឹងទិសដៅរបស់ក្លិបយើង ក្នុងការកសាងធនធានមុនស្ស ពង្រឹងក្លិបទៅរកការប្រកួតមួយពោរពេញទៅដោយថាមពល ពោរពេញដោយភាពជឿជាក់ អ៊ីចឹងគឺជាគោលដៅរបស់យើងដែលយើងចង់ឲ្យកីឡាករយើង ក្លិបយើងទាំងមូលក្នុងពេលអនាគត អ៊ីចឹងយើងឃើញទស្សនៈវិស័យស្របគ្នា ក៏យើងមានចំណាប់អារម្មណ៍ទាក់ទងគាត់មកដឹកនាំ»

លោកបញ្ជាក់ថា «តាមពិតនិយាយដោយត្រង់ទៅ យើងមិនមានជំនឿចិត្តច្រើនទេថា គាត់នឹងចូលរួមជាមួយយើង ដោយសារយើងដឹងហើយ លក្ខខណ្ឌរបស់គាត់ គាត់ដឹកនាំសុទ្ធតែជម្រើសជាតិនារីនៅកូរ៉ ជម្រើសជាតិកម្ពុជា ហើយក៏ក្លិបនៅលីគកំពូលវៀតណាម ប៉ុន្តែដោយសារតែការមានទិសដៅស្របគ្នានេះហើយ ធ្វើឲ្យគាត់យល់ព្រមក្នុងការចូលរួមជាមួយយើង ដើម្បីអភិវឌ្ឍន៍បាល់ទាត់កម្ពុជាបន្តទៅមុខទៀត»

គួរបញ្ជាក់ថា ក្រុមកងយោធពលខេមរភូមិន្ទ បានតែងតាំងលោក Lee Tae Hoon ជាអ្នកចាត់ការក្រុមក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ។ ចំពោះតួនាទីរបស់លោក គឺដូចលោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាដែរ មានន័យថា លោក Lee នឹងទទួលបន្ទុកលើការងារបច្ចេកទេសទាំងស្រុង តាំងពីការហ្វឹកហាត់ ការជ្រើសរើសកីឡាករ ការដឹកនាំក្រុមក្នុងការប្រកួត រហូតគ្រប់គ្រងលើគ្រូបង្វឹកទាំងអស់ទៀតផង។ រីឯលោក ហៅ សុខហេង នៅតែជាគ្រូបង្គោលដដែល៕