(ម៉ូស្គូ)៖ ពពួកមីក្រូសារពាង្គកាយម៉្យាងហៅថា ប៊ីឌែលឡយដ៍ រ៉ូទីហ្វឺ (bdelloid rotifer) ត្រូវគេរកឃើញថា មានជីវិតឡើងវិញក្រោយជាប់ក្នុងស្រទាប់ដី-ទឹកកក អស់រយៈពេលប្រមាណ ២៤,០០០ឆ្នាំ នៅតំបន់ស៉ីបេរី (Siberia) នៃប្រទេសរុស្ស៉ី ហើយបន្ទាប់មកវាក៏អាចបង្កើតខ្លួនវាមួយថែមទៀត (clone) ដោយជោគជ័យផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។

សត្វស្ថិតក្នុងជំពូកមីក្រូសារពាង្គកាយនោះត្រូវបានរកឃើញ នៅក្នុងគំរូស្រទាប់ដីកកមួយ ដែលក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៉ី បានជីកយកចេញមកពីទន្លេ អាឡាហ្សេយ៉ា (Alazeya) នៅតំបន់ស៉ីបេរី ហើយពួកគេបានប្រើបច្ចេកទេសកំណត់អាយុកាល រ៉េឌីអូកាបូន (radiocarbon dating) ឲ្យឃើញថា វាមានអាយុកាលចន្លោះ ២៣,៩៦០-២៤,៤៨៥ឆ្នាំ។ នៅពេលរស់ឡើងវិញ វាអាចបង្កើតខ្លួនវាមួយទៀតបាន តាមដំណើរការម៉្យាងហៅថា ផាសេណូជែណឺស៊ីស (parthenogenesis)។ សត្វមីក្រូសារពាង្គកាយ rotifer នេះ មានបណ្តោយប្រវែងកន្លះមីលីម៉ែត្រ ហើយជាទូទៅរស់នៅក្នុងបរិស្ថានទឹកសាប។

គួរបញ្ជាក់ថា កន្លងមកក្រុមអ្នកវិទ្យាសាស្រ្តខាងលើ ក៏ធ្លាប់បានរកឃើញ ពពួកមីក្រូសារពាង្គកាយឯកកោសិកា ដែលមានសមត្ថភាពប្រហាក់ ប្រហែលគ្នាផងដែរ។ ដោយឡែកពាក់ព័ន្ធនឹងពពួកសារពាង្គពហុកោសិកាដូចជា rotifer វិញ ធ្លាប់មានរបាយការណ៍មួយ ស្តីពីដង្កូវម៉្យាងហៅថា ណេម៉ាថូដ (Nematode) ដែលមានអាយុកាល ៣០,០០០ឆ្នាំ ហើយមានជីវិតឡើងវិញ ព្រមទាំងរុក្ខជាតិមួយចំនួន ដែលអាចលូតលាស់ឡើងវិញ ក្រោយជាប់ក្នុងទឹកកករាប់ពាន់ឆ្នាំ៕