(ប៉ារីស)៖ ក្រុមជើងឯកពិភពលោក បារាំងបានបំបាក់គូប្រជែងបុលហ្គារី ក្នុងលទ្ធផល ៣-០ នៃជំនួបមិត្តភាពចុងក្រោយ មុនពេលពាន UEFA Euro 2020 សប្តាហ៍នេះ។

កីឡាករខ្សែប្រយុទ្ធ Antoine Griezmann ដែលត្រូវបានជ្រើសរើសចេញពីក្លិប FC Barcelona រកបានគ្រាប់បែកពងមាន់នៅនាទី២៩ នៅមុនពេលខ្សែប្រយុទ្ធតោខៀវ Chelsea, Olivier Giroud ដែលចេញពីកៅអីបម្រុងនោះ រកបាន ២គ្រាប់នៅនាទី៨៣ និងនាទី៩០ ពីការបញ្ជូនរបស់ Benjamin Pavard និង Ben Yedder។

បារាំង បានត្រៀមខ្លួនរួចរាល់ ១០០%របស់ពួកគេក្រោមការបង្វឹករបស់លោក Didier Deschamps ដែលបានដឹកនាំឈ្នះជើងឯកបាល់ទាត់ពិភពលោក World Cup 2018 នៅប្រទេសរុស្ស៊ី ហើយក៏បានយកឈ្នះវ៉េលក្នុងលទ្ធផល ៣-០ កាលពីថ្ងៃទី០៣ ខែមិថុនានៃជំនួបមិត្តភាពដូចគ្នា។

បារាំង នឹងត្រូវចាប់ផ្តើមយុទ្ធនាការ Euro 2020 របស់ពួកគេដោយស្ថិតក្នុងពូល F ដោយត្រូវប៉ះអាល្លឺម៉ង់ ហុងគ្រី និងក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់ ក្នុងនាមយក ២ក្រុមកំពូលតារាងដើម្បីឡើងទៅលេងវគ្គ ១៦ក្រុម និងក្រុមលេខ៣ ល្អបំផុតចំនួន ៤ក្រុមក៏ត្រូវបានជ្រើសរើសផងដែរ៕