(ជប៉ុន)៖ អ្នកសារព័ត៌មានបរទេស ដែលត្រូវទៅយកព័ត៌មាន នៅព្រឹត្តិការណ៍ Tokyo Olympics នាប្រទេសជប៉ុន នឹងត្រូវបានគេតាមដានលើការធ្វើដំណើររបស់ពួកគេ ដោយប្រព័ន្ធ GPS, នេះបើតាមការបញ្ជាក់ពីប្រធានព្រឹត្តិការណ៍ នាថ្ងៃអង្គារនេះ ហើយថាអាចនឹងត្រូវដកហូតលិខិតឆ្លងដែនរបស់ពួកគេ ប្រសិនបើពួកគេបំពានសេចក្តីសម្រេច, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ។

អ្នករៀបចំព្រឹត្តិការណ៍ 2020 Games ដែលត្រូវបានពន្យារពេលមួយឆ្នាំ ដោយសារការរីករាលដាលជំងឺ, ដែលនឹងចាប់ផ្តើមនៅត្រឹមរយៈពេល៦សប្តាហ៍ទៀតនោះ, បាននឹងកំពុងធានាអះអាងជាសាធារណៈថា ព្រឹត្តិការណ៍ខ្នាតធំនេះ នឹងអាចធ្វើឡើងដោយសុវត្ថិភាព ស្ថិតក្រោមវិធានការការពារមេរោគយ៉ាងតឹងរឹង។

អ្នកសារព័ត៌មានប្រមាណ៦.០០០នាក់ ដែលនឹងធ្វើដំណើរទៅកាន់ជប៉ុន ដើម្បីចូលរួមយកព័ត៌មាន ក្នុងព្រឹត្តិការណ៍ Olympics នោះ ត្រូវតែផ្តល់ព័ត៌មានលម្អិត អំពីបញ្ជីនៃតំបន់ ដែលពួកគេនឹងធ្វើដំណើរទៅ សម្រាប់រយៈពេល២សប្តាហ៍ដំបូង ក្នុងប្រទេសជប៉ុន ដូចជា៖ ទីលានប្រកួតកីឡា និងសណ្ឋាគារជាដើម។

ជាមួយគ្នានោះ ប្រធានព្រឹត្តិការណ៍ លោកស្រី Seiko Hashimoto បានលើកឡើងថា បច្ចេកវិទ្យាតាមដាន នឹងត្រូវប្រើប្រាស់ ដើម្បីធានាថាពួកគេទៅតែកន្លែង ដែលពួកគេបានកំណត់។ លោកស្រី Hashimoto បានលើកឡើងមុនកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ Tokyo 2020 ថា «ដើម្បីកំណត់ថា ពួកគេមិនទៅកន្លែងផ្សេង ក្រៅពីកន្លែងដែលពួកគេបានចុះក្នុងបញ្ជី ដើម្បីទៅនោះ, យើងនឹងប្រើប្រាស់ GPS ដើម្បីគ្រប់គ្រងតឹងរឹង លើទង្វើររបស់ពួកគេ»

អ្នកសារព័ត៌មាន នឹងត្រូវបង្ខំឲ្យស្នាក់នៅសណ្ឋាគារ ដែលគេបានកំណត់ជាជាងស្នាក់នៅដោយឯកជន។

ជាមួយគ្នានោះ ក្រុមអត្តពលិក ក៏នឹងប្រឈមនឹងការរឹតបន្តឹងផងដែរ លើការធ្វើដំណើររបស់ពួកគេ ព្រមទាំងត្រូវធ្វើតេស្តជាប្រចាំថ្ងៃ ដើម្បីរកមេរោគ COVID-19៕