(ភ្នំពេញ)៖ ខ្សែការពាររបស់ក្លិបបាល់ទាត់វិសាខា រស់ សំអឿន បានសម្ដែងការភ្ញាក់ផ្អើល និងមានមោទនភាពជាខ្លាំង លើក្មួយប្រុសបង្កើតរបស់ខ្លួន គឺកីឡាករ លឹម ពិសុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានរួមចំណែកជួយក្រុមជម្រើសជាតិកម្ពុជា និងបានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតជាមួយក្រុមខ្លាំងអ៊ីរ៉ាក់ នៅប្រទេសបារ៉ែន។

អតីតកីឡាករជម្រើសជាតិកម្ពុជាដ៏មានប្រជាប្រិយរូបនេះ បានបញ្ជាក់ថា «ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏មានមោទនភាព ដែលឃើញក្មួយបង្កើតរបស់ខ្ញុំ (លឹម ពិសុទ្ធ) បានបង្ហាញខ្លួនលើឆាកអន្ដរជាតិ ហើយខ្ញុំក៏មិននឹកស្មានថា ក្មួយរបស់ខ្ញុំ គាត់ធ្វើបានល្អបែបនេះដែរ ព្រោះគាត់នៅក្មេង និងខ្វះខាតបទពិសោធ តែជាក់ស្ដែង គាត់ពិតជាអាចធ្វើបាន ហើយធ្វើបានល្អថែមទៀតផង»

សំអឿន បានបន្ដថា គ្រួសាររបស់ខ្លួនទាំងមូល ពិតជាត្រេកអរ ចំពោះដំណើរលើវីថីឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីពបាល់ទាត់របស់ខ្សែប្រយុទ្ធក្លិបភ្នំពេញក្រោន លឹម ពិសុទ្ធ ហើយគេសង្ឃឹមថា ក្មួយប្រុសម្នាក់នេះ នឹងបន្ដការតស៊ូ និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីគ្រួសារ និងក្រុមជម្រើសជាតិកម្ពុជា ពិសេសដើម្បីអនាគតរបស់ខ្លួន។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានបន្ថែមថា «តាំងពីតូច ពេលចូលលេងបាល់ទាត់ដំបូងនៅយុវជនថ្នាលភ្នំពេញក្រោន ពិសុទ្ធ តែងតែខិតខំប្រឹងប្រែង និងតស៊ូគ្រប់បែបយ៉ាង ដើម្បីគ្រួសារ និងដើម្បីក្រុមជម្រើសជាតិ។ បងប្អូនខ្ញុំទាំងអស់ ពិតជាមានមោទនភាពលើគាត់ណាស់ ហើយគ្រួសារខ្ញុំ ក៏បាននិយាយដែរថា (និយាយលាយសំណើច) ទោះបីអត់ពូ ក៏មានក្មួយជាប់ជម្រើសជាតិដែរ»

សូមបញ្ជាក់ថា លឹម ពិសុទ្ធ គឺបានចូលហាត់បាល់ទាត់ជាមួយក្រុមថ្នាលភ្នំពេញក្រោន តាំងពីវ័យ ១២ឆ្នាំ មុនវិវត្តន៍ខ្លួនឡើងក្រុមធំ កាលពីឆ្នាំ២០១៩។ ប៉ុន្ដែក្រោយចូលលេងបាល់ទាត់ ខ្សែប្រយុទ្ធកំពុងរស់នៅឃ្លៀតឆ្ងាយពីម្ដាយ តាំងពីវ័យ ១៣ឆ្នាំ (ម្ដាយកំពុងធ្វើការនៅប្រទេសបារាំង) រូបនេះ បានតស៊ូ និងខិតខំប្រឹងប្រែងខ្លាំង រហូតមានឱកាសជាប់ក្រុមជម្រើសជាតិយុវជនស្ទើរគ្រប់កម្រិត រហូតត្រូវបានលោក Ryu Hirose កោះហៅចូលក្រុមជម្រើសជាតិក្រុមធំលើកដំបូង ដើម្បីចូលរួមប្រកួតជម្រុះពានរង្វាន់ FIFA World Cup នៅប្រទេសបារ៉ែនពេលនេះ ។

ចំពោះបេសកកម្មខាងលើនេះដែរ លឹម ពិសុទ្ធ ត្រូវបានលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា ផ្ដល់ឱកាសឲ្យបង្ហាញខ្លួន ២ប្រកួតមកហើយ ពិសេសការប្រកួតជាមួយអ៊ីរ៉ាក់ កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះបានលេង ៩០នាទីពេញ ជាមួយការបង្ហាញទម្រង់លេងដ៏ល្អ ទោះបីប៉ះក្រុមកម្រិតខ្ពស់ និងមានកាយសម្បទានធំៗជាងខ្លួនក៏ដោយ ក៏រូបគេបានព្យាយាមបង្ហាញសមត្ថភាពក្នុងការគ្រប់គ្រងបាល់ ដណ្ដើមបាល់ និងបង្កើតឱកាសដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតដោយអ៊ីរ៉ាក់ ឈ្នះកម្ពុជា ៤-១៕