(កូរ៉េ)៖ តារាចម្រៀង និងជាតារាទូរទស្សន៍ល្បីឈ្មោះម្នាក់របស់កូរ៉េ កញ្ញា Han Seo Hee ត្រូវបានរាយការណ៍ថា នឹងបង្ហាញខ្លួននៅតុលាការជាលើកដំបូងក្នុងថ្ងៃនេះ ជុំវិញបទល្មើលលើកទី២របស់នាង ពីការប្រើប្រាស់គ្រឿនញៀនខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

រំឭកទៅខែសីហា ឆ្នាំ២០២០ ប៉ូលីសបានរកឃើញសារធាតុញៀនប្រភេទ «Methamphetamine» អំឡុងពេលស៊ើបអង្កេតករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់របស់តារាស្រី Han Seo Hee ខណៈរូបនាង ត្រូវបានដាក់ឲ្យស្ថិតក្នុងការតាមដានពីសមត្ថកិច្ច តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ រឿងក្តីរបស់តារាស្រីរូបនេះ ត្រូវបានបញ្ជាក់ថា មាន២បទល្មើស ទាក់ទងនឹងការប្រើប្រាស់គ្រឿនញៀនខុសច្បាប់។ បទល្មើសដំបូង ត្រូវបានតុលាការសម្រេចឲ្យនាងជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំ។

នៅថ្ងៃទី០៩ ខែមិថុនា វេលាម៉ោង ២៖៣០នាទីរសៀល (ម៉ោងនៅកូរ៉េ) តារាស្រី Han Seo Hee នឹងបង្ហាញខ្លួនមុខតុលាការ ដើម្បីដោះស្រាយបទល្មើសលើកទី២ តែយ៉ាងណា អំឡុងពេលធ្វើតេស្តរកសារធាតុញៀនក្នុងខ្លួនរបស់នាងនៅពេលនេះ គឺបានបង្ហាញលទ្ធផលអវិជ្ជមាន។

ហេតុនេះហើយ តុលាការនឹងធ្វើការសម្រេចថា តើ Han Seo Hee បានប្រព្រឹត្តិបទល្មើសប្រើប្រាស់គ្រឿនញៀនខុសច្បាប់លើកទី២ ឬក៏អត់? ប្រសិនបើរកឃើញថា នាងពុំមានពិរុទ្ធភាពនោះទេ នាងនឹងជាប់ពន្ធនាគារត្រឹមតែរយៈពេល៣ឆ្នាំ សម្រាប់បទល្មើសលើកទី១ ប៉ុណ្ណោះ៕