(អាមេរិក)៖ នៅក្នុងថ្ងៃខួបកំណើតឈានចូលវ័យ៤៦ឆ្នាំ របស់កំពូលតារាហូលីវូដល្បីឈ្មោះ Angelina Jolie ត្រូវបានគេមើលឃើញថា មានការចូលរួមដោយកូនៗរបស់នាងទាំងអស់ និងជាពិសេសប្រៀបបានជាសុភមង្គល ការជួបជុំជាមួយកូនៗ មិនអាចបំភ្លេចបានក្នុងជីវិតរបស់នាង ត្បិតតារារូបនេះបានបែកបាក់ជាមួយស្វាមីទៅហើយ តែនៅបន្តរឿងក្តីក្តាំឡើងតុលាការដដែល ពីការទាមទារសិទ្ធិចិញ្ចឹមកូនៗ។

តាមការចេញផ្សាយពីគេហទំព័រ Hollywoodlife នាពេលថ្មីៗនេះបានឲ្យដឹងថា ម្ចាស់ពានរង្វាន់ Oscar អ្នកនាង Angelina Jolie បានឈានដល់វ័យ៤៦ឆ្នាំ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ដោយមានការអបអរថ្ងៃកំណើតរបស់នាង ក្នុងអាហារពេលល្ងាចយ៉ាងពិសេស ជាមួយកូនៗ ដូចជា Maddox, Pax, Zahara, Shiloh, Viveennne ដែលជាកូនភ្លោះ និង Knox។

គួរជម្រាបថា ការបង្ហាញខ្លួនរបស់កំពូលតារាសម្តែង ហូលីវូដ Angelina Jolie ជាមួយកូនៗ គឺបន្ទាប់ពីថ្មីៗនេះ តុលាការបានសម្រេចឲ្យ Brad Pitt ទទួលបានសិទ្ធិចិញ្ចឹមកូនៗទាំង៦នាក់ ប៉ុន្តែហាក់មិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ដោយ Angelina Jolie បានដាក់ពាក្យប្តឹងជំទាស់បន្តទៀត ខណៈបច្ចុប្បន្នកូនៗរបស់ពួកគេ ត្រូវបានគេដឹងថា កំពុងរស់នៅជាមួយ Angelina Jolie៕