(ពិភពលោក)៖ តំបន់មេសូប៉ូតាមី (Mesopotamia) ក៏ជាទីកន្លែងដែលមានមនុស្សរស់នៅយូរជាងគេផងដែរ ដោយមនុស្សទាំងនោះបានកសាងអារ្យធម៌របស់ខ្លួនប្រកបដោយភាពរុងរឿង រហូតបង្កើតបានជាចក្រភពប្រចាំតំបន់ដំបូងគេមួយឡើង នោះគឺចក្រភពអាកខាដ (Akkad empire)។

តើចក្រភពអាកខាតកកើតឡើងតាំងពីពេលណា ហើយមានរឿងរ៉ាវអ្វីខ្លះទាក់ទងនឹងចក្រភពនេះ?

តាំងពីសម័យបុរេប្រវត្តិមក មនុស្សបានធ្វើបម្លាស់ទីចូលទៅរស់នៅតំបន់មេសូប៉ូតាមីយ៉ាងច្រើន រហូតដល់បង្កើតបានជាសង្គមមនុស្ស និងបុរីរដ្ឋ (City-state) ជាបន្តបន្ទាប់នៅតំបន់នេះ។ ក្នុងចំណោមសង្គមមនុស្សទាំងនោះ គេសង្កេតឃើញមានសង្គមមនុស្សចំនួន ២ មានភាពលិចធ្លោជាងគេ នោះគឺសង្គមរបស់ពួកសាំមឺ (Sumerian) និងពួកអាកខាដ (Akkadian)។ សង្គមជាតិសាសន៍ទាំងពីរនេះ គឺស្ថិតនៅចំចន្លោះកណ្តាលរវាងទន្លេថាយហ្គ្រីស (Tigris river) និងទន្លេយូហ្វ្រាត (Euphrates river)។ សង្គមសាំមឺបានកកើតឡើងតាំងពីមុនឆ្នាំ ៣០០០ មុនគ្រិស្ដសករាជមកម្ល៉េះ ដោយពួកគេបានបង្កើតជាបុរីរដ្ឋមួយចំនួន ដូចជា បុរីអឺរ៉ុក (Uruk) និងបុរីអឺ (Ur) ជាដើម។ ចំណែកឯសង្គមរបស់ពួកអាកខាដវិញ គឺកើតឡើងក្រោយសង្គមរបស់ពួកសាំមឺ។ ទោះបីជាសង្គមទាំងពីរនេះ មានភាពខុសប្លែកគ្នាក៏ពិតមែន ប៉ុន្តែពួកគេអាចរស់នៅយ៉ាងសុខសាន្តជាមួយគ្នាអស់រយៈពេលរាប់រយឆ្នាំ។

លុះដល់អំឡុងឆ្នាំ ២៣០០ មុនគ្រិស្ដសករាជ សម្ពន្ធមិត្តទាំងពីរក៏បានឈានដល់ការបាក់បែកគ្នា ដោយសារតែស្ដេចអាកខាដមួយអង្គ ព្រះនាម សាហ្កុង (Sargon of Akkad) បានដឹកនាំកងទ័ពធ្វើសញ្ជ័យពង្រីកវិសាលភាពអាណាចក្ររបស់ខ្លួន ក្នុងនោះក៏បានប៉ះសឹកជាមួយបុរីរដ្ឋនានារបស់ពួកសាំមឺផងដែរ។

ដើមឡើយ ព្រះចៅសាហ្កុងបានសាងសង់ទីក្រុងថ្មីមួយ ដោយបានដាក់ឈ្មោះថា ទីក្រុងអាកខាដ (Akkad) នៅលើដងទន្លេយូហ្វ្រាត (បច្ចុប្បន្នគឺក្រុងបាដាតរបស់ប្រទេសអ៉ីរ៉ាក់)។ ព្រះអង្គជាព្រះរាជាដំបូងគេដែលមានកងសេនាហ្លួងផ្ទាល់ខ្លួន (កងយោធពលភូមិន្ទ) ព្រោះតែនៅអតីតកាលស្តេចទាំងឡាយចូលចិត្តប្រើតែកងទ័ពស៊ីឈ្នួលប៉ុណ្ណោះ។ នៅពេលមានកងទ័ពក្នុងដៃគ្រប់គ្រាន់ហើយ ព្រះចៅសាហ្កុងបានចាប់ផ្ដើមផែនការធ្វើសង្គ្រាមដណ្តើមយកទឹកដីរបស់រាជាណាចក្រក្បែរខាង និងទទួលបានជ័យជម្នះជាបន្តបន្ទាប់ រហូតដល់បង្កើតបានជាចក្រភពអាកខាដដ៏ធំមួយ ដែលលាតសន្ធឹងចាប់ពីឈូងសមុទ្រពែក្ស (Persian Gulf) រហូតដល់សមុទ្រមេឌីទែរ៉ាណេ (Mediterranean Sea) ពោលគឺគ្របដណ្ដប់លើតំបន់មេសូប៉ូតាមីទាំងមូលតែម្ដង។

ព្រះចៅសាហ្កុង គឺជាព្រះរាជាដ៏អស្ចារ្យមួយអង្គ ដែលបានដឹកនាំចក្រភពរបស់ព្រះអង្គប្រកបដោយព្រះបញ្ញាញាណ អស់រយៈពេលជាង ៥០ ឆ្នាំ។ ទោះបីជាការគ្រប់គ្រងរបស់ទ្រង់មានភាពខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ចក្រភពអាកខាតមានអាយុកាលត្រឹមតែ ២០០ ឆ្នាំប៉ុណ្ណោះ (សតវត្សទី២៤-២២ មុន គ.ស) បន្ទាប់ពីទ្រង់បានសោយទិវង្គតទៅ។ នេះក៏ព្រោះតែស្ដេច និងមេដឹកនាំជំនាន់ក្រោយៗ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការរើបម្រាស់របស់រដ្ឋចំណុះ និងការឈ្លានពេលពីខាងក្រៅ ទើបធ្វើឱ្យចក្រភពអាកខាដដែលបានបន្សល់ទុកពីព្រះចៅសាហ្កុង ធ្លាក់ចុះខ្សោយទៅវិញ។

នៅពេលដែលចក្រភពអាកខាដពោរពេញទៅដោយភាពច្របូកច្របល់ បុរីអឺ ដែលជាអតីតទីក្រុងរបស់ពួកសាំមឺនោះ ក៏បានរៀបផែនការរើបម្រើចេញពីការគ្រប់គ្រងរបស់ពួកអាកខាដ ដោយពួកសាំមឺបានពង្រឹងអំណាច កសាងសេដ្ឋកិច្ច និងកងទ័ព ហើយធ្វើសង្គ្រាមដណ្ដើមដែនដីរបស់ពួកអាកខាដវិញ។ មិនយូរប៉ុន្មាន ស្ថិរភាពនយោបាយរបស់ពួកសាំមឺ ក៏ត្រូវបានរៀបចំឱ្យមានរបៀបរៀបរយឡើងវិញ រហូតបានក្លាយជាអារ្យធម៌រុងរឿងសាជាថ្មី៕