(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តសេរីទំនើប Ferrari បានប្រកាសតែងតាំងនាយកប្រតិបត្តិ (CEO) ថ្មី បន្ទាប់ពីតំណែង មួយនេះទុកចោលអស់រយៈពេលប្រមាណកន្លះឆ្នាំ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MSN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

លោក Benedetto Vigna ត្រូវបានក្រុមហ៊ុន Ferrari ប្រកាសតែងតាំងជា CEO បន្ទាប់ពីលោក Louis C. Camilleri បានប្រកាសលាលែងកាលពីចុងឆ្នាំ២០២០ ក្រោមហេតុផងផ្ទាល់ខ្លួន។ ក្រោយពីលោក Louis C. Camilleri ប្រកាសលា ឈប់ ក្រុមហ៊ុន Ferrari ក៏បានឱ្យលោក John Elkann អគ្គនាយកក្រុមហ៊ុន ទទួលកាន់តំណែង CEO ក្នុងនាមជាស្ដីទី សិន ។

យោងតាមសេចក្ដីប្រកាសផ្លូវការរបស់ក្រុមហ៊ុន បានឱ្យដឹងថា លោក Vigna គឺជាបុគ្គលមួយរូបដែលមានបទពិសោធន៍ លើឧស្សាហកម្មមួយនេះអស់រយៈពេល ២៦ឆ្នាំ និងជាបុគ្គលដែលមានសមត្ថភាពអាចនឹងកាន់កាប់តំណែងនេះបាន ខណៈដែលលោកនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី០១ ខែកញ្ញាខាងមុខ នេះ៕