(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ប្រទេសភាគច្រើនមិនគាំទ្រការចង់ពន្យារពេលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ របស់ម្ចាស់ផ្ទះវៀតណាមឡើយ។ ការលើកឡើងនេះ ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយរបស់គណៈអចិន្ដ្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងតាមប្រព័ន្ធ Zoom នៅរសៀលថ្ងៃទី០៩ ខែមិថុនានេះ។

កិច្ចប្រជុំបន្ទាន់ខាងលើរៀបចំឡើងបន្ទាប់ពីវៀតណាម បានជូនដំណឹងផ្លូវការដល់គណៈកម្មាធិការជាតិអូឡាំពិកគ្រប់ប្រទេស ដែលជាសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ អំពីការចង់ពន្យារពេលរៀបចំការប្រកួតកីឡាស៊ីហ្គេម នាចុងឆ្នាំ២០២១ ដោយបានធ្វើការពិភាក្សាគ្នា ផ្លាស់ប្ដូរយោបល់គ្នា និងលើកឡើងនូវសេនារីយ៉ូមួយចំនួន តែពុំទាន់មានការសម្រេចណាមួយនោះទេ ស្របពេលសំឡេងភាគច្រើន មិនគាំទ្រការចង់លើកពេលរបស់វៀតណាមឡើយ។

លោក វ៉ាត់ ចំរើន បានបន្ដថា «ក្នុងកិច្ចប្រជុំនេះ យើងឃើញប្រទេសទាំងអស់ មិនយល់ព្រមរឿងការលើកពេលទៅពាក់កណ្ដាលឆ្នាំ២០២២ ទេ ដោយសារវាប៉ះពាល់ច្រើនទៅដល់ការរៀបចំ ពិសេសប៉ះពាល់ខ្លាំងទៅលើគម្រោងថវិកាជាតិរបស់ប្រទេសនីមួយៗ...។ ចឹងយើងឃើញថា ៦-៧ប្រទេសហើយ ដែលជាសំឡេងភាគច្រើនក្នុងអង្គប្រជុំនេះថា មានការលំបាកសម្រាប់ប្រទេសដែលត្រៀមចូលរួមស៊ីហ្គេមនៅវៀតណាមហ្នឹង បើសិនវៀតណាម លើកទៅឆ្នាំ២០២២»

ដោយពុំទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ភាគីវៀតណាមបានលើកឡើងនូវសេនារីយ៉ូ ៣ សំខាន់ៗ សម្រាប់ពិភាក្សាជាមួយរដ្ឋាភិបាលរបស់ខ្លួន ជុំវិញការរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ ទី១-រក្សាកាលបរិច្ឆេទប្រកួតកីឡាស៊ីហ្គេមនៅដដែល ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ទី២-សុំពន្យារពេលដល់ខែឧសភា ឬខែមិថុនា ឬខែកក្កដា ឆ្នាំ២០២២ និងទី៣-សុំពន្យាររយៈពេលដល់ឆ្នាំ២០២៥ ឬដល់ឆ្នាំ២០២៧ តែត្រូវមានការយល់ព្រមពីថៃ ឬព្រុយណេសិន។

ប៉ុន្ដែលោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា នេះគ្រាន់តែជាកិច្ចប្រជុំស្ទង់មតិកម្រិតជំនាញប៉ុណ្ណោះ មិនទាន់ដល់កម្រិតនយោបាយនោះទេ មានន័យថា ការសម្រេចចុងក្រោយកម្រិតនយោបាយ ទាល់តែក្រុមប្រឹក្សាកីឡាអាស៊ីអគ្នេយ៍ ខណៈកិច្ចប្រជុំរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ គ្រោងនឹងធ្វើឡើង នាថ្ងៃទី២៤ ខែមិថុនាខាងមុខ ដើម្បីសម្រេចលើរឿងនេះថាតើរដ្ឋាភិបាលវៀតណាម នឹងកំណត់យកសេនារីយ៉ូមួយណា ហើយគណៈកម្មាធិការជាតិអូឡាំពិកគ្រប់បណ្ដាប្រទេស សម្រេចយកសេនារីយ៉ូនោះ ឬក៏អត់?

យ៉ាងណាមិញពាក់ព័ន្ធនឹងការចង់ពន្យារពេលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ មកទល់ពេលនេះនៅមិនទាន់មានការសម្រេចថា ពន្យារពេល ឬអត់ទេ? អ្វីដែលសំខាន់ លោក វ៉ាត់ ចំរើន បានអះអាងថា ទោះបីវៀតណាមពន្យារពេល ក្នុងសេនារីយ៉ូណាមួយក៏ដោយ ក៏មិនប៉ះពាល់ខ្លាំងដល់ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាដែរ៕