(អាមេរិក)៖ ប្រធានការផ្សព្វផ្សាយពាណិជ្ជកម្មសកលរបស់បណ្ដាញសង្គម Facebook លោកស្រី Carolyn Everson បានប្រកាសនៅលើអនឡាញថា លោកស្រីសម្រេចចិត្តលាឈប់ពីក្រុមហ៊ុនយក្សមួយនេះ។ នេះបើយោងតាមការចេញ ផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

ពាក់ព័ន្ធនឹងការប្រកាសរបស់លោកស្រី Carolyn នេះ ត្រូវបានអ្នកនាំពាក្យរបស់ Facebook បញ្ជាក់ថា លោកស្រីពិតជា បានលាឈប់មែន ហើយ Facebook ក៏រីករាយនឹងការសម្រេចចិត្តរបស់លោកស្រីផងដែរ។ «យើងសូមជូនពរឱ្យលោកស្រី Carolyn ជួបនូវរឿងល្អៗសម្រាប់ការចាកចេញមួយនេះ ហើយយើងពិតជាអរគុណខ្លាំងណាស់សម្រាប់ការ ការខិតខំប្រឹងប្រែងរបស់លោកស្រីនាពេលកន្លងមក»

លោកស្រី Carolyn បានបម្រើការងារនៅក្នុងក្រុមហ៊ុន Facebook ប្រមាណជាង១ទសវត្សរ៍មកហើយ និងបានចូលរួមចំណែក អភិវឌ្ឍន៍ក៏ដូចជាជួយឱ្យក្រុមហ៊ុនរីកចម្រើន និងទទួលបានប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកផងដែរ ជាពិសេសគឺនៅក្នុងអំឡុងពេលដែលលោកស្រីកាន់តំណែងជាអនុប្រធានអាជីវកម្មសកល។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Facebook បានប្រកាសតែងតាំងលោកស្រី Marne Levine ជា CBO (Chief Business Officer) ដែលជាអតីត COO របស់ Instagram ដែលការប្រកាសតែងតាំងនេះត្រូវបានធ្វើឡើងក្រោយពេលលោក David Fischer នាយកគ្រប់គ្រងប្រាក់ចំណូល (CRO) របស់ក្រុមហ៊ុន Facebook ប្រកាសលាឈប់ ហើយលោក David Fischer គឺជាមេផ្ទាល់របស់លោកស្រី Carolyn Everson៕