(ភ្នំពេញ)៖ ពិតជាមានការភ្ញាក់ផ្អើលជា ខ្លាំង ប៉ុន្មាននាទីមុននេះ បង្កឲ្យមានការសង្ស័យ ពីសំណាក់អ្នកគាំទ្រ នូវរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា ថតជាមួយនឹងតារាចម្រៀង លោក ខេមរៈ សិរីមន្ត ដោយរូបភាពនោះ បានបង្ហាញថា ពួកគេកំពុងតែធ្វើការងារធំមួយជាមួយគ្នាជាលើកដំបូង។

រូបភាពទាំងនោះត្រូវបានបង្ហោះលើផេកផ្លូវការរបស់តារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra តែម្ដង។ អមជាមួយរូបជាច្រើនសន្លឹកនោះ កញ្ញា តន់ ច័ន្ទសីម៉ា បានសរសេររៀបរាប់បែបនេះថា «ថ្ងៃនេះបំពេញការងាជាមួយលោកពូ ខេមរៈ សិរីមន្ត ជាលើកដំបូង សូមផ្ញើក្ដីនឹករលឹក ដល់ពុកម៉ែបងប្អូនផង បងប្អូនទាយមើលថា សីម៉ាអាយុតិចជាងគាត់ប៉ុន្មានឆ្នាំ?»

ប្រិយមិត្តដែលបានឃើញរូបភាពទាំងនេះភ្លាមអាចជាមានការភ្ញាក់ផ្អើល ហើយអាច ស្មានបានភ្លាមៗ ថាតារាចម្រៀង ខេមរៈ សិរីមន្ត ច្បាស់ជារត់មកជ្រកក្រោមផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណា វ៉ាត្រា ហើយមើលទៅ! ត្បិតអី បើមើលពី ទំនាក់ទំនងរវាងអ្នកឧកញ៉ា ឡេង ណា វ៉ាត្រា និងតារាចម្រៀងលោក ខេមរៈ សិរីមន្ត គឺ មានភាពស្និទ្ធស្នាលខ្លាំង ដែលទំនង គេអាចវាយតម្លៃថា នៅថ្ងៃណាមួយច្បាស់ជា សិរីមន្ត រត់មកជ្រកក្រោម ផលិតកម្ម Galaxy Navatra ជាក់ជាមិនខាន។

ទោះជាបែបនេះក្ដី មិនទាន់មានរឿង នោះកើតឡើងនៅឡើយទេ គិតមកដល់ម៉ោងនេះ ព្រោះលោក ខេមរៈ សិរីមន្ត មិនទាន់ ចប់កិច្ចសន្យាជាមួយផលិតកម្មចាស់ ដែលលោកកំពុងតែច្រៀងឲ្យនៅឡើយ។ ការជួបគ្នារបស់កញ្ញា តន់ ច័ន្ទសីម៉ា និង លោក ខេមរៈ សិរីមន្ត ត្រូវបានប្រភពច្បាស់ការ បញ្ជាក់ឲ្យដឹងថា ពួកគេទាំងពីរបានបំពេញការងារ ថតស្ប៉តពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនធំលំដាប់អន្តរជាតិមួយ។

ប្រភពដដែលនោះមិនបានទម្លាយ ឈ្មោះក្រុមហ៊ុន ដែលតារាចម្រៀងទាំងពីរថតឲ្យ នោះឡើយ ហើយចំពោះតម្លៃខ្លួន នៃការថតវិញ ក៏មិនបានទម្លាយឲ្យដឹងនោះដែរ គ្រាន់តែប្រាប់ថា ពួកគេទាំងពីរ ជាតារា លំដាប់ A ដូចនេះតម្លៃខ្លួនក៏ទៅតាមនោះដូចគ្នា។

Fresh News Plus មិនអាចស្នើសុំការបញ្ជាក់លំអិតពីសំណាក់កញ្ញា តន់ ច័ន្ទសីម៉ា បានឡើយ ដោយទូរសព្ទរបស់នាងខលចូលមិនមានអ្នកទទួល។ ចំណែកលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅ របស់ផលិតកម្ម Galaxy Navatra បាន ប្រាប់ Fresh News Plus ថា មិនមានវត្តមានរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ចូលក្នុងផលិតកម្ម Galaxy Navatra នោះទេ។ ដូចនិងការលើកឡើង ពីប្រភពខាងលើលោក យឹម តាស្រង់ បញ្ជាក់ថា តន់ ច័ន្ទសីម៉ា គ្រាន់តែចូលរួមធ្វើកិច្ចការធំមួយជាមួយលោក ខេមរៈ សិរីមន្ត លើការងារថតស្ប៉តពាណិជ្ជកម្មប៉ុណ្ណោះ៕