(នីយ៉ុង)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA European Championship ឬហៅកាត់ថា Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ ពោលគឺនៅក្រោយ World Cup ៣០ឆ្នាំដែលមាន ៥៤ប្រទេសទូទាំងទ្វីបធ្វើការប្រជែងគ្នារៀងរាល់ ៤ឆ្នាំម្តង។

ដូចគ្នានោះដែរ សហព័ន្ធគ្រប់គ្រងប្រចាំទ្វីបនេះ UEFA (The Union of European Football Associations) ក៏ត្រូវបានបង្កើតដំបូងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៤ នៅក្រុង Basel ប្រទេសស្វីសដែលមានទីស្នាក់ការកណ្តាលស្ថិតក្នុងទីក្រុង Nyon ប្រទេសដ៏សន្តិភាពមួយនេះ។

Euro 1960 មានតែ ៤ក្រុមប៉ុណ្ណោះចូលលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង ដែលមានសហភាពសូវៀតជាជើងឯកដំបូងគេ នៅពេលដែលយូហ្គោស្លាវី ជាជើងឯករង និងឆេកូស្លូវ៉ាគី បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅពេលម្ចាស់ផ្ទះបារាំង ជាប់ចំណាត់ថ្នាក់លេខ៤ ចុងក្រោយគេ។

UEFA បានសម្រេចបន្ថែមក្រុមមានដល់ទៅ ៨ប្រទេសប្រកួតផ្តាច់ព្រ័ត្រដណ្តើមពាន Euro ក្រោយពីឆ្លងកាត់ការប្រកួតជម្រុះទាំង ៥៤ប្រទេសរួចមក និងនៅឆ្នាំ១៩៩៦ បន្ថែមឡើងដល់ ១៦ក្រុមចែកចេញជា ៤ពូល និងឆ្នាំ២០១៦ បន្ថែមដល់ទៅ ២៤ក្រុម និងចែកចេញជា ៦ពូល មាន ៤ក្រុមក្នុង ១ពូល។

អាល្លឺម៉ង់ និងអេស្ប៉ាញ ជាប្រទេសដែលជោគជ័យពាន Euro នេះ ដែលធ្លាប់ឈ្នះបាន ៣ដងដូចគ្នាក្នុងចំណោមនៃការរៀបចំបាន ១៥សម័យកាលមកនេះ ខណៈក្រុមបារាំង លើកបាន ២ដងផង ដ្បិតក្រុមជម្រើសជាតិព័រទុយហ្គាល់របស់កីឡាករប្រធានក្រុម Cristiano Ronaldo ឈ្នះចុងក្រោយគេលើកដំបូងក្នុងឆ្នាំ២០១៦ នៅពេលយកឈ្នះម្ចាស់ផ្ទះបារាំង ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។

សហព័ន្ធ UEFA បានបង្កើនទឹកប្រាក់សម្រាប់ក្រុមជើងឯក Euro ទទួលបានជិត ៤០លានដុល្លារ បន្ថែមលើពានប្រចាំព្រឹត្តិការណ៍១ និងមេដាយមាស ៤៥គ្រឿង ក្រៅពីក្រុមជើងឯករងទទួលបានជាង ២០លានដុល្លារ រួមទាំងមេដាយប្រាក់ ៤៥គ្រឿងដូចគ្នាក្នុងការរៀបចំពានរង្វាន់ជើងឯកអឺរ៉ុប ៣សម័យកាលចុងក្រោយនេះ។

តែយ៉ាងណា សម្រាប់ Euro 2020 ដែលលើកយកមកប្រកួតនៅឆ្នាំ២០២១ នេះដោយសារវិបត្តិកូវីដ១៩ នោះ UEFA គឺបានរក្សាចំនួនទឹកប្រាក់ និង ២៤ក្រុមចូលរួម ស្មើនឹង ៥១ប្រកួតប្រើរយៈពេល ១ខែដដែល ពោលគឺចាប់ពីថ្ងៃទី១២ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃទី១២ ខែកក្កដានៅ ១២កីឡដ្ឋានស្ថិតក្នុង ១១ប្រទេសផ្សេងគ្នានៅទូទាំងទ្វីបអឺរ៉ុប តែវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នៃប្រទេសអង់គ្លេស៕