(តូរីន)៖ លោក Maurizio Sarri បានព្រមព្រៀងចូលកាន់តំណែងជាគ្រូបង្វឹកក្លិប Lazio ដែលស្ថិតក្នុងលីគកំពូលអ៉ីតាលី Serie A បន្ទាប់ពីរូបលោកមិនមានការងារធ្វើអស់រយៈពេល ១ឆ្នាំមកនេះ ក្រោយពីត្រូវបានបញ្ចប់តំណែងពីក្លិបសេះបង្កង់ Juventus ក្នុងរដូវកាលឆ្នាំ២០១៩-២០២០ ហើយនេះក៏ជាតួនាទីគ្រូបង្វឹកក្លិបអាជីពលើកទី១៥ របស់លោកផងដែរចាប់តាំងឆ្នាំ២០០០ មក។

លោក Sarri ធ្លាប់បានដឹកនាំក្រុមអង់គ្លេស តោខៀវ Chelsea ឈ្នះពាន UEFA Europa League 2018-2019 ហើយក៏បានចាកចេញទៅកាន់ក្លិប Juventus និងត្រូវបានបញ្ចប់តំណែងកាលពីខែសីហាឆ្នាំទៅ ក្រោយពេលដឹកនាំឈ្នះពានលីគ Serie A 2019-2020 ខណៈបច្ចុប្បន្ន លោកបានចូលមកជំនួសកន្លែងលោក Simone Inzaghi ដែលបានចាកចេញទៅដឹកនាំក្លិបជើងឯក Inter Milan ដែលលោក Antonio Conte បានលាឈប់។

លោក Sarri មានវ័យ ៦២ឆ្នាំ ធ្លាប់ជាអតីតគ្រូបង្វឹកក្លិបធំៗក្នុងលីគ Serie A មានក្លិប Napoli, Juventus គ្រាដែលលោកធ្លាប់ដឹកនាំក្រុម Empoli ឡើងមកលេងលីគកំពូលនៅរដូវកាលឆ្នាំ២០១៤-២០១៥ ខណៈប្រភពពីគេហទំព័រ ESPN បានបង្ហាញថា លោក Sarri បានព្រមព្រៀងដឹកនាំ Lazio រយៈពេល ២ឆ្នាំ៕