(ភ្នំពេញ)៖ លោក សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំឮកដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ថា ទោះបីស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមអាចនឹងត្រូវពន្យារពេល តែមានព្រឹត្តិការណ៍ដ៏សំខាន់មួយកំពុងរង់ចាំកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវពង្រឹងការខិតខំប្រឹងប្រែង និងត្រៀមខ្លួនជានិច្ច ដើម្បីត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។

ការគូសបញ្ជាក់បែបនេះបានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាស្ដីពីការរៀបចំផែនការ និងទ្រឹស្ដីហាត់ហ្វឹកហ្វឺនរបស់គ្រូបង្វឹក គ្រូជំនួយក្រុមជម្រើសជាតិ ឆ្នាំ២០២១ ដែលបានរៀបចំតាមប្រព័ន្ធ Online រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៧-០៩ ខែមិថុនា ដោយមានគ្រូឧទ្ទេស គ្រូបង្វឹក និងគ្រូជំនួសចូលរួមសរុប ១៦៨នាក់។ សិក្ខាសាលានិម្មិតនេះរៀបចំឡើងក្នុងគោលបំណងសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងការត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម។

លោក សុខ សប្បាយណា បានបន្ដថា ទោះបីស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ត្រូវពន្យារពេល ឬក៏អត់ ក៏គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន គឺការខំប្រឹងហាត់ជានិច្ច ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ និងការជួយជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការបង្កើនប្រាក់ឧបត្ថម្ភប្រចាំខែ ការផ្ដល់អាហារបំប៉នប្រចាំថ្ងៃ និងប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនទៀត ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន និងការអភិវឌ្ឍក្នុងវិស័យកីឡា។

អនុរដ្ឋលេខាធិការក្រសួងអប់រំខាងលើបានជំរុញដល់ក្រុមជម្រើសជាតិទាំងអស់ថា «គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម និងពង្រឹងគុណផលរបស់ខ្លួន ថ្វីបើស៊ីហ្គេម លើកទី៣១ នៅវៀតណាម អាចនឹងពន្យារពេល ព្រោះយើងនៅមានព្រឹត្តិការណ៍សំខាន់មួយទៀត កំពុងរង់ចាំយើង នោះគឺស៊ីហ្គេម ឆ្នាំ២០២៣។ ដូច្នេះខ្ញុំស្នើឲ្យលោកគ្រូ អ្នកគ្រូធ្វើការវាយតម្លៃគុណផលឲ្យបានច្បាស់លាស់ និងតម្លាភាព ព្រមទាំងត្រូវរាយការណ៍ជាប្រចាំមកសហព័ន្ធ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា»

សូមបញ្ជាក់ថា សិក្ខាកាមចូលរួមសិក្ខាសាលាខាងលើ គឺជាគ្រូបង្វឹក និងគ្រូជំនួយ មកពីសហព័ន្ធកីឡាជាតិទាំង ៣៩ប្រភេទកីឡា និងកីឡាជនពិការទាំងអស់។ ចំពោះប្រធានបទសំខាន់ៗដែលគ្រូឧទ្ទេសបានលើកមកធ្វើបទបង្ហាញចែករំលែកបទពិសោធ និងចំណេះដឹងដល់សិក្ខាកាម រួមមានចិត្ដ្រសាស្ដ្រកីឡា, ការរៀបចំ និងអនុវត្តផែនការបង្ហាត់, បទបញ្ជាផ្ទៃក្នុង និងយន្ដការគ្រប់គ្រងការប្រមូលផ្ដុំ, ការផ្លាស់ប្ដូរគ្រូបង្វឹក និងអត្ដពលិក, ការវាយតម្លៃ និងតាមដាន, របបចំណីអាហារ, ការសង្គ្រោះបឋម និងការស្វែងយល់ពីសាធារធាតុដូប៉ា និងការព្យាបាលដោយប្រើចលនាជាដើម៕