(ភ្នំពេញ)៖ តារាចម្រៀងប្រចាំក្នុងផលិតកម្ម «GalaxyNavatra» លោក ព្រាប សុវត្ថិ ត្រូវបានស្ថានទូតជប៉ុនប្រចាំក្នុងប្រទេសកម្ពុជា សម្រេចជ្រើសរើសឲ្យក្លាយតំណាងឲ្យប្រទេសកម្ពុជា ចូលរួមកម្មវិធីមួយ ដែលផ្ដួចផ្ដើមគំនិតដោយប្រទេសជប៉ុនហៅថា «ONLINEASEAN-Japan Music Festival»។

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រកាសកម្មវិធីនេះ កាលពីពេលថ្មីៗនេះ ដោយបានរអះអាងថា កម្មវិធីនឹងដំណើរការ ឆាប់ៗនេះ ដើម្បីផ្ដល់បទពិសោធន៍ថ្មីមួយ ដល់ប្រជាជនកម្ពុជា អាចកម្សាន្តជាមួយកម្មវិធីតន្ត្រីប្រមូលផ្ដុំ ដោយកំពូលតារាចម្រៀងគ្រប់ប្រទេស ក្នុងតំបន់អាស៊ានជាច្រើននាក់ ដោយមិនចាំបាច់ចេញពីផ្ទះនោះឡើយ, នោះគឺ «មហោស្រពតន្ត្រីជប៉ុន-អាស៊ាន តាមអនឡាញ»

កម្មវិធីនេះកើតឡើង ដើម្បីរឹតចំណងទាក់ទងរបស់ជប៉ុន ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងបរិបទពិភពលោកត្រូវបានគម្រាមគំហែង ដោយសារជំងឺកូវីដ១៩។ ស្ថានទូតជប៉ុននៅកម្ពុជា បានគូសបញ្ជាក់ថា «តារាចម្រៀងតំណាងមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុន បានចូលរួមក្នុងមហោស្រពតន្រ្តីជប៉ុន-អាស៊ាននេះ ក្នុងនោះតំណាងប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងម្នាក់ ដ៏មានប្រជាប្រិយបំផុតនៅកម្ពុជា ក៏មានវត្តមានចូលរួមក្នុងកម្មវិធីនោះផងដែរ»

ការចាក់ផ្សាយកម្មវិធីនេះ បានចាប់ផ្ដើម កាលពីថ្ងៃសៅរ៍ ទី៥ ខែមិថុនា ដល់ថ្ងៃសុក្រទី១១ ខែមិថុនា តាមគេហទំព័រយូធូបផ្លូវការរបស់កម្ពុជា។ ក្រៅពីនេះអ្នកទស្សនា និងអ្នកគាំទ្រ ក៏អាចស្វែងរក និងរីករាយទស្សនាវីដេអូពីមុនៗ តាមគេហទំព័រនេះផងដែរ។

នៅក្នុងវីដេអូចម្រៀងប្រមូលផ្ដុំ ដោយតារាចម្រៀងល្បីៗ ប្រចាំតំបន់អាស៊ាន លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងមួយបទ ក្នុងផលិតកម្ម «GalaxyNavatra» មានចំណងជើងថា «យើងត្រូវតែក្លាហាន» ដើម្បីទៅចូលរួមជាមួយកម្មវិធី «ONLINEASEAN-Japan Music Festival» ។

តោះ...! ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖