(ប៉េកាំង)៖ ក្រុមហ៊ុនលក់ទំនិញយក្ស និងបច្ចេកវិទ្យារបស់ចិន Alibaba Group Holding Ltd បានប្រកាសឱ្យដឹងថា ខ្លួន នឹងបង្កើតរថយន្តដឹកទំនិញបើកបរដោយស្វ័យប្រវត្តិ ក្នុងការជួយសម្រួលដល់ការងារដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន Cainiao ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសរបស់ ក្រុមហ៊ុន Alibaba នេះត្រូវបានធ្វើឡើងក្រោយពេលដែលវិស័យដឹកជញ្ជូនទំនិញនៅក្នុងប្រទេសចិនកំពុងតែមមាញឹក និងសម្បូរទៅដោយក្រុមហ៊ុនផ្សេងៗជាច្រើនដែលបានបង្កើតនូវរថយន្តបើកបរដោយស្វ័យប្រវត្តិផងដែរ។

លោក Cheng Li ប្រធានបច្ចេកវិទ្យា (CTO) របស់ Alibaba បានអះអាងថា នៅឆ្នាំក្រោយនឹងមានរថយន្តបើកបរដោយ ស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Cainiao ចំនួន ១០០០គ្រឿង ដឹកទំនិញជូនអតិថិជននៅក្នុងប្រទេសចិន ហើយវានឹងកើនឡើង ជាបន្តបន្ទាប់៕