(រ៉ូម)៖ ដូចបងប្អូនដឹងហើយថា ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA European Championship ឬហៅកាត់ថា យូរ៉ូ (Euro) ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ ពោលគឺនៅក្រោយ World Cup ៣០ឆ្នាំដែលមានប្រទេសទូទាំងទ្វីប ធ្វើការប្រជែងគ្នារៀងរាល់ ៤ឆ្នាំម្តង។

សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់យូរ៉ូ ២០២០ ដែលលើកយកមកប្រកួតនៅឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ១៩ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនាស្អែកនេះហើយ។ ប៉ុន្តែតើលោកអ្នកដឹងទេថា ប្រទេសណាខ្លះដែលធ្លាប់ឈ្នះពានរង្វាន់យូរ៉ូ? ប្រទេសណាខ្លះដែលធ្លាប់ឈ្នះច្រើនដងជាងគេ?

Fresh News Plus សូមបង្ហាញបញ្ជីឈ្មោះប្រទេសដែលធ្លាប់ឈ្នះពានយូរ៉ូដូចខាងក្រោមនេះ៖

* ១៖ ឆ្នាំ១៩៦០ បានទៅលើសហភាពសហព័ន្ធសង្គមនិយមសូវៀត (SOVIET UNION)
ការប្រកួតផ្តាច់ព្រ័ត្រ គឺសូវៀតយកឈ្នះយូហ្គោលស្លាវី ២ទល់នឹង១ ក្នុងម៉ោងបន្ថែម។ ការប្រកួតបានធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយវគ្គផ្តាច់ព្រ័ត្រនេះដែរ បានធ្វើឡើងក្រោមវត្តមានអ្នកគាំទ្រ ១៧,៩៦៦នាក់។

* ២៖ ឆ្នាំ១៩៦៤ បានទៅលើអេស្ប៉ាញ (SPAIN)
អេស្ប៉ាញបានលើកពានយូរ៉ូ ក្រោយយកឈ្នះក្រុមការពារជើងឯកសូវៀត ២ទល់នឹង១។ ការប្រកួតនេះបានធ្វើឡើងនៅកីឡដ្ឋាន Santiago Bernabeu ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ក្រោមវត្តមានអ្នកគាំទ្រដ៏ច្រើនលើសលប់ ត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ គឺប្រមាណ ៧៩,១១៥នាក់។

* ៣៖ ឆ្នាំ១៩៦៨ បានទៅលើអ៉ីតាលី (ITALY)
អ៉ីតាលីបានយកឈ្នះយូហ្គោស្លាវី ២ទល់នឹង០ នៅថ្ងៃប្រកួតចុងក្រោយដែលបានធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី។ គួរបញ្ជាក់ថា ការប្រកួតផ្តាច់ព្រ័ត្រនៅឆ្នាំនោះ បានធ្វើឡើង ២ដង គឺលើកទី១ ក្នុងលទ្ធផល ១ទល់នឹង១ ហើយការប្រកួតលើកទី២ ដែលជាពេលអ៉ីតាលីឈ្នះ ២ទល់នឹង០ មានអ្នកទស្សនា ៣២,៨៨៦នាក់។

* ៤៖ ឆ្នាំ១៩៧២ បានទៅលើអាល្លឺម៉ង់ខាងលិច (WEST GERMANY)
នៅវគ្គផ្តាច់ព្រ័ត្រ អាល្លឺម៉ង់ខាងលិចបានយកឈ្នះសូវៀត ៣ទល់នឹង០។ ការប្រកួតនេះធ្វើឡើងនៅទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្ស៉ិក ក្រោមវត្តមានអ្នកចូលទស្សនា ៤៣,០៦៦នាក់។

* ៥៖ ឆ្នាំ១៩៧៦ បានទៅលើឆេកូស្លូវ៉ាគី (ZECHOSLOVAKIA)
ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៃពានរង្វាន់យូរ៉ូ ឆ្នាំ១៩៧៦ ដែលមានការថែមម៉ោងផង និងឈានដល់ទាត់បាល់ ១១ម៉ែត្រផង ក្រោយលទ្ធផលស្មើគ្នា ២ទល់នឹង២នោះ ឆេកូស្លូវ៉ាគី បានយកឈ្នះម្ចាស់ការពារជើងឯក គឺអាល្លឺម៉ង់ខាងកើតក្នុងលទ្ធផល ៥-៣។ នោះគឺជាការប្រកួតដ៏អស្ចារ្យ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៊ែលហ្ក្រាដ ប្រទេសឆេកូស្លូវ៉ាគី។

* ៦៖ ឆ្នាំ១៩៨០ បានទៅលើអាល្លឺម៉ង់ខាងលិចម្តងទៀត (WEST GERMANY)
អាល្លឺម៉ង់ខាងលិច បានក្លាយជាម្ចាស់ពានរង្វាន់យូរ៉ូ លើកទី២ ក្រោយយកឈ្នះប៊ែលហ្ស៉ិក ២ទល់នឹង១។ ការប្រកួតនេះបានធ្វើឡើងនៅកីឡដ្ឋាន Stadio Olimpiaco នាទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ក្រោមវត្តមានអ្នកចូលទស្សនា ៤៧,៨៦០នាក់។

* ៧៖ ឆ្នាំ១៩៨៤ បានទៅលើបារាំង (FRANCE)
បារាំងបានលើកពានយូរ៉ូ ក្រោយវាយបំបាក់អេស្ប៉ាញ ២ទល់នឹង០។ ការប្រកួតបានធ្វើឡើងនៅកីឡដ្ឋាន Parc de Princes ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានទស្សនិកជន ៤៧,៣៦៨នាក់។

* ៨៖ ឆ្នាំ១៩៨៨ បានទៅលើប្រទេសហូឡង់ (NETHERLANDS)
ដែលបានយកឈ្នះសូវៀត ក្នុងលទ្ធផល ២ទល់នឹង០ និងបានក្លាយជាជើងឯកយូរ៉ូ ឆ្នាំ១៩៨៨។ ការប្រកួតនេះបានធ្វើឡើងនៅកីឡដ្ឋាន Olympiastadion នាទីក្រុងម៉ូនិក ប្រទេសអាល្លឺម៉ង់ ក្រោមអ្នកគាំទ្រ ៦២,៧៧០នាក់។

* ៩៖ ឆ្នាំ១៩៩២ បានទៅលើដាណឺម៉ាក (DENMARK)
ដាណឺម៉ាក បានធ្វើរឿងមិនគួរឲ្យទៅរួច គឺវាយបំបាក់អាល្លឺម៉ង់ ២ទល់នឹង០ ក្នុងទីក្រុងហ្កូថែនបឺគ ប្រទេសស៊ុយអ៊ែត ដើម្បីក្លាយជាជើងឯកយូរ៉ូ ឆ្នាំ១៩៩២។ គួរជម្រាបថា ដាណឺម៉ាក ទទួលបានការអញ្ជើញឲ្យចូលរួមប្រកួត ក្រោយយូហ្គោស្លាវី ត្រូវបានគេបណ្តេញចេញ។

* ១០៖ ឆ្នាំ១៩៩៦ បានទៅលើអាល្លឺម៉ង់ (GERMANY)
ការសម្រេចបានពានលើកទី៣ ក្រោយអាល្លឺម៉ង់ បានយកឈ្នះឆែក ២ទល់នឹង១ ក្នុងម៉ោងបន្ថែម នៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស។ ការប្រកួត នៅអង់គ្លេសនេះ មានអ្នកទស្សនា ៧៣,៦១១នាក់ ត្រូវបានកត់ត្រា។

* ១១៖ ឆ្នាំ២០០០ បានទៅលើបារាំងម្តងទៀត (FRANCE)
ការប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងររវាងបារាំង និងអ៉ីតាលី ក្នុងលទ្ធផល ២ទល់នឹង១ ក្នុងម៉ោងបន្ថែម ធ្វើឲ្យបារាំងឈ្នះពានយូរ៉ូ លើកទី២។ ការប្រកួតដែលបានធ្វើឡើង នៅកីឡដ្ឋាន Feijenoord ក្នុងប្រទេសណែតដឺឡែន អ៉ីតាលីបាននាំមុខបារាំង តែបែរជាឥតបានការ ខណៈនៅម៉ោងបន្ថែម ក្រុមមាន់គកប្រើខ្នាយដ៏មុតស្រួចចាក់ទម្លុះ។

* ១២៖ ឆ្នាំ២០០៤ បានទៅលើក្រិក (GREECE)
ក្រិក បានយកឈ្នះព័រទុយហ្កាល់ ក្នុងលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឲ្យប្រទេសមួយនេះ ឈ្នះពានយូរ៉ូលើកដំបូង ហើយក៏ជាពានអន្តរជាតិលើកដំបូងរបស់ខ្លួនផងដែរ។ ការប្រកួតដែលធ្វើឲ្យពិភពលោកស្រឡាំងកាំងនេះ បន្ទាប់ពីក្រិកបំបាក់ម្ចាស់ទឹកដី នៅទីក្រុងលីសប៊ុង។

* ១៣៖ ឆ្នាំ២០០៨ បានទៅលើអេស្ប៉ាញម្តងទៀត (SPAIN)
ការប្រកួតទម្ងន់ធ្ងន់ រវាងអេស្ប៉ាញ និងអាល្លឺម៉ង់ បញ្ចប់ក្នុងលទ្ធផល ១ទល់នឹង០ ដោយការរកគ្រាប់បានពីកំពូលកីឡាករ Fernando Torres។ ការប្រកួតឈ្នះពានយូរ៉ូ លើកទី២នេះ បានប្រព្រឹត្តទៅនៅទីក្រុងវ្យែន ប្រទេសអូទ្រីស ក្រោយពីអេស្ប៉ាញរងចាំអស់រយៈពេល ៤៤ឆ្នាំ។

* ១៤៖ ឆ្នាំ២០១២ បានទៅលើអេស្ប៉ាញម្តងទៀត (SPAIN)
សម័យកាលនោះ អេស្ប៉ាញជាប់ឈ្នោះជាប្រទេស ដែលពោរពេញដោយភាពជោគជ័យលើវិស័យបាល់ទាត់ ក្រោយការពារជើងឯកយូរ៉ូ ពីអ៉ីតាលី ក្នុងលទ្ធផល ៤ទល់នឹង០ នៅទីក្រុងកៀហ្វ ប្រទេសអ៊ុយក្រែន។ ជ័យជម្នះដ៏ត្រចេះត្រចង់ បានកើតឡើងក្រោយពីអេស្ប៉ាញ ទើបតែឈ្នះពានរង្វាន់ World Cup ជាប់ៗគ្នា គឺនៅឆ្នាំ២០០៦ និងឆ្នាំ២០១០។

* ១៥៖ ឆ្នាំ២០១៦ បានទៅលើព័រទុយហ្កាល់ (PORTUGAL)
ព័រទុយហ្កាល់ ដែលស្ថិតក្រោមសម័យកាលកំពូលកីឡាករ Cristiano Ronaldo បានយកឈ្នះម្ចាស់ទឹកដី គឺបារាំង ក្រោមថ្វីជើងកីឡាករស្បែកខ្មៅ Eder នៅម៉ោងបន្ថែម ដែលការប្រកួតបានធ្វើឡើងនៅកីឡដ្ឋាន Parc de Princes។ បារាំង ដែលកាលនោះពោរពេញដោយអំណួត ព្រោះមានកីឡាករកំពួលៗ បែរជាប្រហែស ធ្វើឲ្យបាត់បង់ឱកាសក្នុងការលើកពាន។

សរុបមក ចាប់តាំងពីបង្កើតមកនៅឆ្នាំ១៩៦០ ពានរង្វាន់យូរ៉ូបានរៀបចំ ១៥លើកមកហើយ។ ប្រទេសដែលបានលើកពាននេះច្រើនជាងគេ គឺអាល្លឺម៉ង់ និងអេស្ប៉ាញ សរុប ៣លើកដូចគ្នា៕