(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃព្រហស្បតិ៍នេះ បានលើកទឹកចិត្តឲ្យកីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe បន្តការលេងនៅក្លិប Paris Saint Germain (PSG) ហើយនឹងបន្តលេងនៅលីគក្នុងស្រុករបស់បារាំង, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។

«វាពិតជាមានសារៈសំខាន់ណាស់ ដែលគាត់លេងនៅ PSG, សម្រាប់ទាំងក្លិប និងលីគបារាំង។ ប៉ុន្តែខ្ញុំមិនធ្លាប់ដាក់សម្ពាធ លើកីឡាករណាម្នាក់នោះទេ», នេះបើតាមសម្តីលោក Macron បានប្រាប់ នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយស្ថានីយទូរទស្សន៍ BFM TV, នៅពេលដែលលោក បានធ្វើដំណើរទៅសួរសុខទុក្ខ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង ខណៈបារាំង ត្រៀមសម្រាប់ការប្រកួតព្រឹត្តិការណ៍ European។

គួររំលឹកថា កាលពីដើមសប្តាហ៍នេះ, ប្រធានក្លិប PSG លោក Nasser Al-Khelaifi បានលើកឡើងថា កីឡាករ Mbappe នឹងបន្តលេងនៅក្លិប ដែលលេងនៅលីគ Ligue 1 នេះ សម្រាប់រដូវកាលក្រោយ៕