(ភ្នំពេញ)៖ កីឡាករជម្រើសជាតិកីឡាទោចក្រយានកម្ពុជា ៣រូបរួមមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ នឹងត្រូវចេញដំណើរទៅហ្វឹកហាត់រយៈពេល ៣ខែនៅប្រទេសបារាំង នៅថ្ងៃទី១២ ខែមិថុនាស្អែកនេះ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានឲ្យដឹងថា បេសកកម្មបោះជំរំហ្វឹកហាត់រយៈពេលខ្លីនៅតំបន់អឺរ៉ុបនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងសហព័ន្ធ និងសមាគមខ្មែរកីឡាទោចក្រយានដែលមានមូលដ្ឋាននៅប្រទេសបារាំង។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការស្នើសុំទិដ្ឋាការពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា កីឡាករទាំង ៣រូបក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក ខ្លូត ករណី នឹងត្រូវចេញដំណើរទៅបារាំងស្អែកនេះ។

លោកបន្ដថា «កីឡាកររបស់យើងទៅហាត់នៅបារាំង គឺមានរយៈពេល ៣ខែ ហើយការហ្វឹកហាត់នេះ ក្រោមការផ្គត់ផ្គង់ និងសម្របសម្រួលរបស់សមាគមខ្មែរកីឡាទោចក្រយាននៅប្រទេសបារាំង ដោយនឹងមានការហ្វឹកហាត់ជាមួយកីឡាករបរទេស ហើយអាចចូលរួមការប្រកួតនានាក្នុងតំបន់អឺរ៉ុប...។ យើងសង្ឃឹមថា ការហ្វឹកហាត់នេះនឹងជួយឲ្យកីឡាករយើងពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែមទៀត ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេមនៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង»

អគ្គលេខាធិការសហព័ន្ធដដែលបានបន្ថែមថា ការបញ្ជូនកីឡាករទៅហ្វឹកហាត់ក្រៅស្រុកនេះ គឺអនុវត្តតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដោយមានការជួយជ្រោមជ្រែងពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដើម្បីជំរុញ និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ត្រៀមការប្រកួតអន្ដរជាតិនានារហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣។ តាមការគ្រោងទុក សហព័ន្ធក៏នឹងបញ្ជូនកីឡាករ-កីឡាការិនី ១ក្រុមទៀតទៅហ្វឹកហាត់ក្រៅប្រទេសនាពេលខាងមុខផងដែរ៕