(រ៉ូម)៖ រវាងក្រុមបាល់ទាត់ជម្រើសជាតិអាសូរីអ៉ីតាលី និងតួកគី ធ្លាប់មានប្រវត្តិជួបគ្នាសរុប ១១លើកនាពេលកន្លងមក ដ្បិតតួកគីពុំដែលយកឈ្នះក្រុមខ្លាំងអ៉ីតាលីម្តងណាឡើយ បានត្រឹមស្មើ ៣ដង និងចាញ់ដល់ទៅ ៨ដងឯណោះ។

ប្រវត្តិជួបគ្នារវាងក្រុមទាំងពីរខាងលើនេះ តែងតែធ្វើឡើងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup និងពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro និងមិត្តភាពជាលក្ខណៈមិត្តភាពអន្តរជាតិផ្សេងៗ។

តែយ៉ាងណា តួកគីហាក់ធ្វើបានល្អវិញក្នុងជំនួបទល់នឹងអ៉ីតាលី ២ប្រកួតចុងក្រោយនេះក្នុងមិត្តភាពអន្តរជាតិ ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទាំងពីរលើកក្នុងឆ្នាំ២០០២ និងឆ្នាំ២០០៦។

តួកគី នឹងធ្វើការធ្ងន់ ដ្បិតត្រូវជួបក្រុមម្ចាស់ផ្ទះអ៉ីតាលីនៅថ្ងៃបើកចេញពីពូល A ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Stadio Olimpico ស្ថិតក្នុងទីក្រុង Rome ដែលជាទឹកដីរបស់ក្លិបអាជីព AS Roma នៅពេលអ៉ីតាលី ពុំទាន់ចាញ់ការប្រកួតណាមួយពីវគ្គជម្រុះ និងមិត្តភាពផ្សេងៗ ដោយអស់ណាស់ត្រឹមស្មើ។ វ៉េល ដែលត្រូវប៉ះស្វីស ដែលស្ថិតក្នុងពូល A ជាមួយគ្នានោះ នឹងធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងពីក្រុង Baku ប្រទេសអាហ្សឺបៃហ្សង់ នាម៉ោង ២០៖០០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

គួរបញ្ជាក់ផងថា នេះជាការចូលរួម Euro លើកទី៤ សម្រាប់តួកគីគិតចាប់តាំងពីជម្រុះជាប់ដំបូងក្នុងឆ្នាំ១៩៩៦ និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្រកាល Euro 2008 នៅពេលយកឈ្នះក្រូអាត (ក្រូអាស៊ី) ដោយបាល់ប៉េណាល់ទីពីក្នុងវគ្គ ៨ក្រុម នៅពេលអេស្ប៉ាញជាក្រុមជើងឯក។

ចំណែកគូប្រជែងអាសូរីអ៉ីតាលីវិញ នេះជាលើកទី៩ របស់ពួកគេដែលបានឆ្លងកាត់វគ្គជម្រុះឡើងមកលេងជុំផ្តាច់ព្រ័ត្រ Euro ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ និងធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រ ៣លើក និងធ្លាប់ឈ្នះជើងឯកតែម្តងគត់កាល Euro 1968។ អ៉ីតាលី បានជ្រុះចេញពី Euro 2016 ក្រោមថ្វីជើងរបស់អាល្លឺម៉ង់នៃវគ្គ ៨ក្រុម ក្នុងនាមជាក្រុមរងជើងឯកកាលពី Euro 2012 ដែលចាញ់អេស្ប៉ាញស្ពឹកមុខ៕