(ញូវយ៉ក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google គ្រោងតភ្ជាប់បណ្ដាញខ្សែកាបក្រោមសមុទ្រថ្មីមួយ ក្នុងគោលដៅភ្ជាប់ទៅកាន់សហរដ្ឋអាមេរិក ប្រេស៊ីល អ៊ុយរូហ្គាយ និងប្រទេសអាហ្សង់ទីន ដើម្បីពង្រឹងសមត្ថភាព អ៊ីនធើណេតនៅក្នុងតំបន់ទាំងនោះ។

សារព័ត៌មាន Korean Times បានចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ថា បណ្ដាញខ្សែកាបថ្មីនេះមានឈ្មោះថា Firmina ហើយវានឹងក្លាយជាបណ្ដាញខ្សែកាបវែងជាងគេបំផុតនៅលើពិភពលោក ដោយភ្ជាប់ពីតំបន់ East Coast នៃសហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Las Toninas នៃប្រទេសអាហ្សង់ទីន រួចបន្តទៅរដ្ឋ Praia Grande នៃប្រទេសប្រេស៊ីល និងក្រុង Punta del Este នៃប្រទេសអ៊ុយរូហ្គាយ។

ក្រុមហ៊ុន Google បានបញ្ជាក់ថាបណ្ដាញខ្សែកាបនេះនឹងធ្វើឱ្យល្បឿនអ៊ីនធឺណិតដើរលឿន និងមានសុវត្ថិភាពខ្ពស់ សម្រាប់ទ្វីបអាមេរិកខាងជើង និងទ្វិបអាមេរិកខាងត្បូង ដែលអាចឱ្យអ្នកប្រើប្រាស់ចូលទៅប្រើ Google Search, Gmail និង YouTube រួមទាំង Google Cloud បានក្នុងល្បឿនលឿន។

បើទោះបីជាក្រុមហ៊ុន Google បានប្រកាសបង្ហាញព័ត៌មានជាច្រើនទាក់ទងនឹងគម្រោងនេះក្ដី ប៉ុន្តែក្រុមហ៊ុន Google មិនបានរំលេចឱ្យដឹងទាក់ទងនឹងកាលបរិច្ឆេទនៃការចាប់ផ្ដើម និងទំហំទឹកប្រាក់ដែលត្រូវចំណាយនោះទេ៕