(កូរ៉េ)៖ លោក Jung llhoon ដែលជាអតីតសមាជិកក្រុមចម្រៀង BTOB ត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១១៩,០០០ដុល្លារអាមេរិក ពីបទជួញដូរ និងប្រើប្រាស់កញ្ឆា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

កន្លងមករដ្ឋអាជ្ញាកូរ៉េ បានធ្វើការចោទប្រកាន់ ដោយកំណត់ថា តារាប្រុស Jung llhoon នឹងត្រូវជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ តែយ៉ាងណា អំឡុងពេលឡើងសវនាការលើកទី១ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ តុលាការទីក្រុងសេអ៊ូល បានចេញសេចក្តីសម្រេចឲ្យលោក Jung llhoon ជាប់ពន្ធនាគារយៈពេល២ឆ្នាំ សម្រាប់បទល្មើសរបស់លោក ទាក់ទងនឹងការប្រើប្រាស់កញ្ឆាជាប្រចាំ និងពិន័យជាប្រាក់ចំនួន ១១៩,០០០ដុល្លារអាមេរិក។

គួរជម្រាបថា តារាប្រុស Jung llhoon បានជាប់ការសង្ស័យថា បានធ្វើការជាមួយមនុស្សចំនួន៧នាក់ផ្សេងទៀត សម្រាបការជួញដូរកញ្ឆា ដែលមានតម្លៃជាទឹកប្រាក់ចំនួន ១១៩,០០០ដុល្លារ នៅចន្លោះខែកក្កដា ឆ្នាំ២០១៦ ដល់ខែមករា ឆ្នាំ២០១៩។ លោកក៏បានចោទប្រកាន់ពីបទប្រើប្រាស់កញ្ឆាចំនួន ១៦១ដង ក្នុងរយៈពេលតែជាមួយគ្នានេះផងដែរ៕