(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ League Cup 2021 ពូល A រវាងក្រុមវិសាខា និងក្រុមភ្នំពេញក្រោន ដែលគ្រោងជួបគ្នានាវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី១២ ខែមិថុនាស្អែកនេះ ត្រូវបានលុបចោលហើយ បន្ទាប់ពីរកឃើញករណីសង្ស័យវិជ្ជមានជំងឺកូវីដ-១៩ លើកីឡាករ ២រូបរបស់ក្រុមភ្នំពេញក្រោន។

យោងតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នាល្ងាចថ្ងៃសុក្រនេះបានបញ្ជាក់ថា «វិសាខា ប៉ះ ភ្នំពេញក្រោន ត្រូវលុបចោលការប្រកួត ដោយមូលហេតុរកឃើញនូវករណីសង្ស័យវិជ្ជមាននៃជំងឺកូវីដ-១៩ លើកីឡាករ ២រូបរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន»។

នេះគឺជាករណីទី៣ ហើយដែលត្រូវបានលុបចោលការប្រកួតក្នុងពានរង្វាន់ League Cup 2021 ខណៈកាលពីសប្ដាហ៍ទី១ មាន ២ប្រកួតត្រូវបានលុបចោលការប្រកួត ដោយសារករណីសង្ស័យវិជ្ជមានកូវីដ-១៩ គឺក្រុមវិសាខា ជួបក្រុមបឹងកេត និងក្រុមព្រះខ័នរាជស្វាយរៀង ជួបក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។

យោងតាមលក្ខខណ្ឌមុនការប្រកួត និងការអនុវត្តជាក់ស្ដែង ក្នុងការលុបចោលការប្រកួតកាលពីសប្ដាហ៍ទី១ កន្លងទៅ វិសាខា នឹងទទួលបាន ៣ពិន្ទុដោយស្វ័យប្រវត្តិជាថ្មី លើក្រុមភ្នំពេញក្រោន ហើយពួកគេក៏បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ បន្ទាប់ពីយកឈ្នះគូប្រកួតដោយស្វ័យប្រវត្តិ ២ប្រកួតជាប់ៗគ្នា។

ដូច្នេះសម្រាប់ការប្រកួតពានរង្វាន់ League Cup 2021 នៅក្នុងសប្ដាហ៍ទី២ គឺនៅសល់តែ ១ប្រកួតប៉ុណ្ណោះ ដែលជាការជួបគ្នារវាងក្រុមបាល់ទាត់ខេត្តព្រៃវែង និងក្រុមព្រះខ័នរាជស្វាយរៀង នាថ្ងៃទី១៣ ខែមិថុនាចុងសប្ដាហ៍នេះ នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា៕