(ម៉ាណាម៉ា)៖ ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ពូល C (ជុំទី២) នៅប្រទេសបារ៉ែនហើយ ខណៈប្រកួតចុងក្រោយបានចាញ់ក្រុមខ្លាំងអ៊ីរ៉ង់ ដោយលទ្ធផល ១០-០ ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅកីឡដ្ឋាន Khalifa Sports City។

មិនខុសពីការប្រកួតជាមួយបារ៉ែន និងអ៊ីរ៉ាក់ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាគ្រូបង្វឹក លោក Ryu Hirose បានប្រើទម្រង់លេងបាល់ខ្លី និងព្យាយាមគ្រប់គ្រងបាល់ច្រើន ពិសេសការផ្ដល់ឱកាសដល់កីឡាករវ័យក្មេង ទោះបីលទ្ធផលមិនគាប់ប្រសើរក៏ដោយ។ ប៉ុន្ដែយ៉ាងណាកីឡាករកម្ពុជា ក៏បានបង្កើតឱកាសមុខទីម្ដងម្កាលផងដែរ តែធ្វើមិនបានសម្រេច។

សម្រាប់គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ គឺធ្វើសម្រេចដោយកីឡាករ Alireza Jahanbakhsh នៅនាទីទី១៦, កីឡាករ Mehdi Taremi រកបាន ២គ្រាប់ នៅនាទី២៣ និងនាទី២៧, កីឡាករ Milad Mohammadi នៅនាទី៥៧, កីឡាករ Morteza Pouraligani នៅនាទី៦៣, កីឡាករ Karim Ansarifard នៅនាទី៧៧, កីឡាករ Kaveh Rezaei រកបាន ២គ្រាប់ នៅនាទី៨០ និងនាទី៨៦, កីឡាករ Mehdi Ghayedi នៅនាទី៨៤ និង ១គ្រាប់ទៀត គឺជាគ្រាប់បាល់ភ្លាត់ចូលទីខ្លួនឯង ដោយខ្សែការពារ ស រតនា នៅនាទី៣២។

ជាមួយការបរាជ័យជាថ្មីក្រោមថ្វីជើងក្រុមលំដាប់លេខ២ នៅអាស៊ីនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជាដែលដឹកនាំដោយអ្នកចាត់ការទូទៅ លោក Keisuke Honda និងគ្រូបង្វឹក លោក Ryu Hirose ពុំស្គាល់ជ័យជម្នះម្ដងឡើយនៅក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ជុំទី២ បន្ទាប់ពីឆ្លងកាត់ ៨ប្រកួត ស្មើ១ និងចាញ់ ៧ប្រកួត រកបាន ១ពិន្ទុប៉ុណ្ណោះ។

តាមគម្រោងក្រោយចប់ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើដំណើរត្រឡប់មកមាតុភូមិវិញនាល្ងាចថ្ងៃទី១២ ខែមិថុនាស្អែក ខណៈគ្រោងមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញនាយប់ថ្ងៃទី១៣ ខែមិថុនា។ នេះបើតាមការបង្ហើបឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕