(ហ្គាឡាស់ហ្គោ)៖ ក្រុមបាល់ទាត់ជម្រើសជាតិឆែក រកបាន ៣ពិន្ទុដំបូងនៅពេលយកឈ្នះម្ចាស់ផ្ទះស្កុតឡេនក្នុងលទ្ធផល ២-០ នៅរាត្រីថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ នាកីឡដ្ឋាន Hampden Park ដែលស្ថិតក្នុងទីក្រុង Glasgow ប្រទេសស្កុតឡេន ពីការប្រកួតសន្សំពិន្ទុប្រចាំពូល D ក្នុងពឹ្រត្តិការណ៍ជើងឯកអឺរ៉ុប Euro 2020។

កីឡាករខ្សែប្រយុទ្ធ Patrik Schick ជាអ្នករកបានគ្រាប់ជ័យជម្នះទាំង ២គ្រាប់នៅនាទី៤២ និងនាទី៥២ ដែលគ្រាប់ទី២ ស៊ុតតាំងពីចម្ងាយពាក់កណ្តាលតារាង នៅពេលឃើញកីឡាករចាំទីស្កុតឡេន David Marshall ឡើងមកលើឆ្ងាយពេក។

៣ពិន្ទុលើកដំបូងនេះដែរ បានជួយឲ្យសាធារណរដ្ឋឆែក ឡើងទៅឈរនៅកំពូលតារាងនៃពូល D ជាបណ្តោះអាសន្នផងដែរ ពីលើអង់គ្លេស ដែលមាន ៣ពិន្ទុដូចគ្នាតែនៅសល់គ្រាប់ចំណេញច្រើនជាង គ្រាដែលក្រូអាត និងស្កុតឡេន ឈរនៅបាតតារាងគ្មានពិន្ទុរាប់ដូចគ្នា ក្រោយចាញ់ដូចគ្នានៅថ្ងៃបើកឆាក៕