(ហូឡង់)៖ អ្នកតំណាងរបស់កីឡាករ Christian Eriksen បានលើកឡើងថា កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ កំពុងស្ថិតក្នុង «ស្មារតីល្អ» ប៉ុន្តែមានការរសាប់រសល់ ក្នុងការស្វែងរកមូលហេតុ ពីសភាពនៃសាច់ដុំបេះដូងកន្ត្រាក់របស់លោក នៅអំឡុងពេលការប្រកួតបើកឆាក នៃក្រុមជម្រើសជាតិប្រទេសរបស់លោក ក្នុងព្រឹត្តិការណ៍ Euro 2020 នៅរដ្ឋធានី Copenhagen របស់ដាណឺម៉ាក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។

«យើងនិយាយនាព្រឹកថ្ងៃអាទិត្យ។ លោកបានរត់តិចៗ ហើយមានស្មារតីល្អ, ខ្ញុំឃើញថាគាត់មានសុខភាពល្អ», នេះបើតាមសម្តីលោក Martin Schoots អ្នកតំណាងកីឡាករ Eriksen បានប្រាប់សារព័ត៌មាន Gazzetta dello Sport របស់អ៉ីតាលី។

លោកបន្ថែមថា «យើងទាំងអស់គ្នា ចង់ស្វែងរកថាអ្វីបានកើតឡើង, ក្នុងនោះរួមទាំងរូបលោកផ្ទាល់ក៏ចង់ដឹងផងដែរ។ វេជ្ជបណ្ឌិត បាននឹងកំពុងធ្វើការពិសោធន៍លម្អិត, វាត្រូវការពេលវេលា»។

ក្រុមវេជ្ជបណ្ឌិតដាណឺម៉ាក នៅថ្ងៃអាទិត្យ បានបញ្ជាក់ថា កីឡាករខ្សែបម្រើវ័យ២៩ឆ្នាំ របស់ក្លិប Inter Milan បានទទួលរងនូវបញ្ហាសាច់ដុំបេះដូងកន្ត្រាក់។

បើតាមលោក Schoots បានឲ្យដឹងថា កីឡាកររូបនេះ នៅតែបន្តស្ថិតក្រោមការសង្កេតមើល ក្នុងមន្ទីរពេទ្យ យ៉ាងហោចណាស់ រហូតដល់ថ្ងៃអង្គារ៕

ជាមួយគ្នានោះ អ្នកនាំពាក្យមួយរូប របស់សហព័ន្ធបាល់ទាត់ដាណឺម៉ាក បានបញ្ជាក់ដែរថា ស្ថានភាពសុខភាពរបស់ Eriksen គឺមាន «ស្ថេរភាព, ល្អ»៕