(ភ្នំពេញ)៖ ការទទួលមរណភាពរបស់វរព្រឹទ្ធសិល្បការិនី សំនៀងពីរោះគន្ធា ទេវនាដនិមិ្មត ឯម ធាយ ដែលបានអនិច្ចកម្ម កាលពីរំលងអាធ្រាត្រថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ និងអាជ្ញាធរពិនិត្យសពរកឃើញវិជ្ជមានកូវីដ-១៩។

លោក យូសុះ អាប់ឌុលឡោះ ចៅសង្កាត់រងទី២ នៃសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានថ្លែងប្រាប់ Fresh News Plus ថា យោងតាមការបញ្ជាក់របស់លោកគ្រូពេទ្យ ដែលបានមកយកសំណាកសពលោកយាយ ឯម ធាយ គឺបង្ហាញថា មានវិជ្ជមានកូវីដ-១៩។ ការពិនិត្យសំណាកនេះ បន្ទាប់ពីលោកយាយបានទទួលមរណភាព បានប៉ុន្មានម៉ោង។

ជាមួយគ្នានេះ ក្រុមគ្រួសារហាក់នៅមិនទាន់អស់ចិត្ត ក៏បានស្នើទៅក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ «ធីតា» ដើម្បីយកសំណាកទៅពិនិត្យម្តងទៀតឲ្យបានច្បាស់ គឺឃើញលទ្ធផលវិជ្ជមានដូចគ្នា។ យ៉ាងណាមិញ ក្រុមគ្រួសាររបស់លោកយាយ ឯម ធាយ រហូតមកទល់នឹងពេលនេះ គឺមានចៅតូចម្នាក់អាយុ៥ឆ្នាំ មានវិជ្ជមានកូវីដ-១៩ដែរ។

គួរបញ្ជាក់ថា ដោយសារតែសពរបស់លោកយាយ ឯម ធាយ មានវិជ្ជមានកូវីដ-១៩ ទើបក្រុមគ្រូពេទ្យបានសម្រេចចិត្តបូជាសពរបស់លោកយាយ នាម៉ោង១រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈដែលក្រុមគ្រួសារនៅតែបង្ហាញការសោកស្តាយ ព្រោះតែមិនបានរៀបចំពិធីបុណ្យត្រឹមត្រូវជូនដល់លោកយាយ៕