(អេហ្ស៉ីប)៖ ជនជាតិអេហ្ស៉ីបបុរាណបានសាងសង់បដិមាស្វីងស៍ (Sphinx) យ៉ាងធំមួយនៅជិតប្រាសាទពីរ៉ាមីត ប៉ុន្តែក្រោយមកបដិមានេះក៏ត្រូវគេបំផ្លាញច្រមុះចោល ក្នុងនោះមានអ្នកទោសម្នាក់ត្រូវគេកាត់ទោស «ព្យួរក» ដោយសារបានបំផ្លាញច្រមុះបដិមានេះកាលពីជាង ៦០០ ឆ្នាំមុន ប៉ុន្តែបញ្ហានៃការបាត់បង់ច្រមុះរបស់ស្វីងស៍នេះ នៅតែជាប្រធានបទដ៏ស្មុគស្មាញក្នុងការវែកញែករកការពិត។

ស្វីងស៍ គឺជាសត្វទេពមួយប្រភេទនៅក្នុងទេវកថាអេហ្ស៉ីប ដោយសត្វចម្លែកនេះមានក្បាលជាមនុស្សស្រី មានខ្លួនជាសត្វតោ និងមានស្លាបដូចបក្សី។ កាលពីជាង ៦,៥០០ ឆ្នាំមុន ស្ដេចអេហ្ស៉ីបក្នុងសម័យ Old Kingdom បានបញ្ជាឱ្យគេសាងសង់បដិមាស្វីងស៍ដ៏ធំមួយនៅក្បែរប្រាសាទពីរ៉ាមីតហ្គីហ្សា (Great Sphinx of Giza)។ ដំបូងឡើយ ស្ថាបត្យកម្មនេះគឺមានរូបរាងពេញលក្ខណៈ ពោលគឺមានប្រវែង ៧៣ ម៉ែត្រ កម្ពស់ ២០ ម៉ែត្រ និងទទឹង ១៩ ម៉ែត្រ។

ពួកអាណានិគមមួយចំនួននៅអឺរ៉ុប ដូចជា ចក្រភពអង់គ្លេស ចក្រភពបារាំង ចក្រភពអាល្លឺម៉ង់ជាដើម សុទ្ធតែត្រូវបានគេចោទប្រកាន់ថាមានបំណងចង់កម្ទេចច្រមុះរបស់ស្វីងស៍ ក្នុងនោះព្រះចៅណាប៉ូឡេអុង (Napoleon Bonaparte) នៃចក្រភពបារាំង គឺត្រូវបានគេចោទប្រកាន់ខ្លាំងជាងគេ។ ប៉ុន្តែការចោទប្រកាន់ចំពោះព្រះអង្គ នៅតែមិនទាន់អាចរកភស្ដុតាងបាននៅឡើយ។

អ្នកជំនាញបានបកស្រាយថា ករណីដែលថាកងទ័ពអង់គ្លេស និងអាល្លឺម៉ង់ ជាអ្នកបំផ្លាញច្រមុះរបស់ស្វីងស៍នោះ គឺមិនអាចទៅរួចនោះទេ ពីព្រោះមានរូបថតស្វីងស៍ដាច់ច្រមុះស្រាប់តាំងពីគ្រិស្ដសករាជ ១៨៨៦ មកម្ល៉េះ។ រីឯករណីរបស់ព្រះចៅអធិរាជណាប៉ូឡេអុងវិញនោះ ក៏មិនពិតប្រាកដនោះដែរ ពីព្រោះរូបគំនូរស្វីងស៍ដាច់ច្រមុះស្រាប់ ក៏មានតាំងពីឆ្នាំគ្រិស្ដសករាជ ១៧៣៧ ហើយដែរ ពោលគឺមុនណាប៉ូឡេអុងកើតដល់ទៅ ៣២ ឆ្នាំឯណោះ។

អធិរាជណាប៉ូឡេអុងបូណាប៉ាត គឺជាអ្នកដែលមានទំនាក់ទំនងច្រើនជាងគេទៅនឹងតំបន់ប្រាសាទពីរ៉ាមីតរបស់អេហ្ស៉ីប។ ក្នុងពេលដែលសម័យអាណានិគម រដ្ឋាភិបាលបារាំងបានបញ្ជូនណាប៉ូឡេអុងដែលកាលណោះនៅជាមេទ័ពបារាំងនៅឡើយ ឱ្យទៅធ្វើសង្គ្រាមជាមួយកងទ័ពអង់គ្លេស ដើម្បីដណ្ដើមកាន់កាប់ប្រទេសអេហ្ស៉ីប។ ក្នុងពេលធ្វើដំណើរទៅកាន់សមរភូមិនោះ មេទ័ពណាប៉ូឡេអុងបាននាំកងទ័ពបារាំង ៥៥,០០០ នាក់ និងក្រុមបុរាណវិទូ ១៥៥ នាក់ទៀតទៅជាមួយផងដែរ។ ការដែលណាប៉ូឡេអុងនាំអ្នកជំនាញបុរាណវិទ្យាទៅជាមួយបែបនេះ ក៏ព្រោះដើម្បីឱ្យពួកគេចុះស្រាវជ្រាវពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រនៅប្រទេសអេហ្ស៉ីប។ ក្រុមបុរាណវិទូនេះហើយដែលជាអ្នកនិពន្ធសៀវភៅឈ្មោះថា ការពិពណ៌នាអំពីប្រទេសអេហ្ស៉ីប ឬ Description de l'Egypte។ ប៉ុន្តែមិនមានព្រឹត្តិការណ៍ណាមួយបញ្ជាក់ថា ព្រះអង្គឱ្យគេបំផ្លាញច្រមុះរបស់ស្វីងស៍នោះឡើយ។

តាមពិតទៅ មានបុគ្គលតែម្នាក់គត់ដែលគេអាចនិយាយពេញមាត់ថាជាអ្នកកម្ទេចច្រមុះរបស់ស្វីងស៍ គេនោះមានឈ្មោះថា មូហាម៉ាដ សាអ៉ីម អាល់ដាហ៍ (Muhammad Sa'im al-Dahr) ដែលត្រូវគេកាត់ទោស «ព្យួរក» ពីបទបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋដោយគ្មានមូលហេតុ កាលពីអំលុងគ្រិស្ដសករាជ ១៣៧៨។

ទោះបីជាយ៉ាងនេះក្ដី ក៏រហូតមកដល់ពេលសព្វថ្ងៃ មគ្គទេសក៍ទេសចរណ៍ជនជាតិអេហ្ស៉ីប ដែលបម្រើសេវាកម្មជូនភ្ញៀវទេសចរនៅតំបន់ប្រាសាទពីរ៉ាមីតនោះ នៅតែអធិប្បាយប្រាប់អ្នកទេសចរថា ច្រមុះរបស់ស្វីងស៍ដែលដាច់បាក់នោះ ត្រូវបានព្រះចៅអធិរាជណាប៉ូឡេអុងលួចកាត់យកទៅប្រទេសបារាំង ហើយបច្ចុប្បន្នត្រូវបានគេយកទៅទុកនៅក្នុងសារមន្ទីរទីក្រុងប៉ារីស ខណៈដែលនៅក្នុងសារមន្ទីរទីក្រុងប៉ារីសនោះ គ្មានតម្កល់បង្ហាញច្រមុះរបស់ស្វីងស៍នោះឡើយ។

បើតាមការបកស្រាយបន្ថែមរបស់អ្នកជំនាញបានបញ្ជាក់ថា សម្រាប់ហេតុផលដ៏សមស្របបំផុត ទាក់ទងនឹងការបាត់បង់អាវ:យវ:បស់ស្វីងស៍នោះ គឺដោយសារឥទ្ធិពលកម្លាំងខ្យល់បក់ គួបផ្សំជាមួយកត្តាអាកាសធាតុផងនោះ បានធ្វើឱ្យថ្មនៅត្រង់ច្រមុះស្វីងស៍ប្រែជាពុកផុយ ហើយរបេះរសាត់ដាច់បន្តិចម្ដងៗអស់កាលប្រមាណជាង ៦,០០០ ឆ្នាំមកហើយ៕