(អាមេរិក)៖ តារាម៉ូដែល និងជាតារាសម្តែងល្បី Paris Jackson ដែលគេស្គាល់ថា ជាកូនស្រីតែម្នាក់គត់របស់អតីតកំពូលតារាចម្រៀង Michael Jackson នាពេលថ្មីៗនេះ តាមរយៈចូលរួមក្នុងកម្មវិធី «Red Table Talk» បានបង្ហាញទៅកាន់សាធារណៈជនថា នាងមានជំងឺវង្វេង និងតានតឹងក្នុងអារម្មណ៍ ដោយសារតែសំឡេងកាមេរ៉ា។ នេះបើតាមការចេញផ្សាយដោយសារព៏ត៌មាន NBC News នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

តារាស្រីរូបនេះ បានបញ្ជក់ថា ក្នុងនាមជាកូនស្រីរបស់តារាល្បី តាំងពីតូចមកម្ល៉េះ ពេលចេញទៅទីសាធារណៈ គឺតែងតែមានមនុស្សម្នាជាច្រើនថតរូប ដែលជាហេតុធ្វើឲ្យនាងរស់ក្រោមសម្ពាធ និងមានភាពតានតឹង រហូតដល់រង្វេងស្មារតី នៅពេលឮសំឡេងកាមេរ៉ា និងពន្លឺហ្វារបស់កាមេរ៉ា។

តារាស្រីរូបនេះ បានសង្កត់ធ្ងន់ថា នេះជាផលវិបាកមួយក្នុងនាមជាកូនស្រីរបស់បុគ្គលល្បីល្បាញ ដែលរាល់ពេលចេញដើរនៅទីសាធារណៈ គឺតែងតែមានគេថតរូប និងមានការចាប់អារម្មណ៍ច្រើន។ នាងបង្ហាញថា ធ្លាប់ធ្វើបាបខ្លួនឯង និងប៉ុនប៉ងធ្វើអត្តឃាតខ្លួនផងដែរ ហើយតន្ត្រីជាផ្នែកមួយ ដើម្បីឲ្យនាងបង្ហាញការឈឺចាប់ ដែលជំរុញឲ្យនាងអាចចងក្រងបញ្ចេញចម្រៀងអាល់ប៊ុមទោលមួយ ចំណងជើងថា «Wilted» កាលពីខែវិច្ឆិកា ឆ្នាំ២០២០។

គួរជម្រាបថា តារាស្រី Paris Jackson ដែលបច្ចុប្បន្នមានវ័យ២៣ឆ្នាំ គឺជាកូនស្រីតែម្នាក់គត់ ក្នុងចំណោមកូនបីនាក់របស់កំពូលតារាចម្រៀង Michael Jackson។ ដោយមានឈាមជ័រជាអ្នកសិល្បៈ តារារូបនេះ បានប្រឡូកខ្លួនចូលកាន់តែជ្រៅក្នុងវិស័យសិល្បៈ ទាំងជាតារាម៉ូដែល តារាចម្រៀង និងប្រឡូកក្នុងវិស័យភាពយន្តថែមទៀត៕