(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានបង្ហាញបេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ League Cup 2021 ជាផ្លូវការហើយ ស្របពេលក្រុមវិសាខា និងក្រុម ISI ដង្កោសែនជ័យបានឡើងដោយស្វ័យប្រវត្តិសម្រាប់ពូល A ខណៈពូល B គឺមានក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមកងយោធពលខេមរភូមិន្ទ។

សម្រាប់ក្រុមវិសាខា បានយកឈ្នះ ២ប្រកួតដោយស្វ័យប្រវត្តិជាប់គ្នា ក្នុងជាមួយក្រុមបឹងកេត និងក្រុមភ្នំពេញក្រោន បន្ទាប់ពីជំនួបរវាងក្រុមខ្លាំង ប៉ះខ្លាំងនេះ ត្រូវបានលុបចោល ក្រោយរកឃើញករណីសង្ស័យវិជ្ជមានកូវីដ-១៩ លើក្រុមការងារក្រុមបឹងកេត និងកីឡាកររបស់ក្លិបភ្នំពេញក្រោន។ ដោយយោងតាមលក្ខខណ្ឌការប្រកួតពាននេះ បឹងកេត និងភ្នំពេញក្រោន ក៏ត្រូវបានដកសិទ្ធិពីការប្រកួតនេះតែម្ដង។

ដោយហេតុនេះ វិសាខា ត្រូវដឹកដៃក្រុម ISI ដង្កោសែនជ័យ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដ្បិតពូល A នៅសល់តែ ២ក្រុមនេះប៉ុណ្ណោះ។ ចំពោះក្រុមមកពីលីគទី២ ISI ដង្កោសែនជ័យ ប្រកួតដំបូងរបស់ពួកគេបានចាញ់ភ្នំពេញក្រោន ៥-០ ខណៈប្រកួតបន្ទាប់បានឈ្នះស្វ័យប្រវត្តិលើក្រុមបឹងកេត។ ប៉ុន្ដែមុនឡើងវគ្គបន្ដ ក្រុមទាំងពីរនឹងត្រូវជួបគ្នាបង្គ្រប់កិច្ចពូល A នាថ្ងៃទី១៩ ខែមិថុនាចុងសប្ដាហ៍នេះ នៅទីលាន KMH Park។

ចំណែកពូល B វិញ ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមកងយោធពលខេមរភូមិន្ទបានដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមទាំងពីរ បានយកឈ្នះខេត្តព្រៃវែង ១-០ ដូចគ្នា និងបានយកឈ្នះដោយស្វ័យប្រវត្តិលើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដែលរកឃើញករណីសង្ស័យវិជ្ជមានកូវីដ-១៩ ដូចគ្នា។ ប៉ុន្ដែមុនឡើងវគ្គបន្ដក្រុមទាំងពីរ ក៏ត្រូវជួបគ្នាបង្គ្រប់កិច្ចពូល B នាថ្ងៃទី១៩ ខែមិថុនានេះដែរ នៅកីឡដ្ឋានខេត្តស្វាយរៀង។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ តាមពូលនីមួយៗពានរង្វាន់ League Cup 2021 គ្រោងធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៣ ខែមិថុនា ហើយក្រុមទទួលបានជ័យជម្នះ នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួតកាត់សេចក្ដីរកក្រុមជើងឯក នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ មុនបន្ដការប្រកួតលីគកំពូលកម្ពុជាឡើងវិញ នាដើមខែកក្កដាខាងមុខ៕