(ភ្នំពេញ)៖ សហគ្រិនស្ត្រីវ័យក្មេងនៅកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មហិរញ្ញវត្ថុពិសេស ដែលជាលទ្ធផលនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ រវាងគម្រោងសហគ្រិននារីសកម្ម (WE Act) ដែលគាំទ្រថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក (USAID) និងអនុវត្តដោយអង្គការផេក (Pact) ធនាគារវីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Boost Capital។

អនុស្សារណៈនៃការយោគយល់គ្នានេះផ្តល់នូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដែលមានតំលៃសមរម្យ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រី ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់គ្រាន់នៅកម្ពុជា ជាពិសេស សហគ្រិនស្ត្រីវ័យក្មេងដែលមានអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច ដែលច្រើនតែមិនត្រូវនឹងល័ក្ខខ័ណ្ឌរបស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ ហើយបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី Sabine Joukes នាយិកាអង្គការផេកប្រចាំកម្ពុជា និងជានាយិកាគម្រោង WE Act លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារវីង និងលោកស្រី Lucinda Revell សហស្ថាបនិក Boost Capital បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ។

លោក Patrick Murphy បានថ្លែងថា៖ «សហគ្រិនស្ត្រីកម្ពុជាគឺជាតួអង្គសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ការធានាឱ្យពួកគេមានធនធាន ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចដែលត្រូវការដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត»។

លោកស្រី Sabine Joukes ថ្លែងដែរថា៖ «យើងមានមោទនភាពដែលស្ថាប័នដៃគូវិស័យឯកជន២ផ្សេងគ្នាបង្កើតឱ្យមានផលិតផលហិរញ្ញវត្ថុ ជាពិសេសដើម្បីដោះស្រាយបញ្ហាសំខាន់២ក្នុងការទទួលបានហិរញ្ញប្បទាន ដែលរួមមានការតម្រូវឱ្យមានការចុះបញ្ជីអាជីវកម្ម និងមានទ្រព្យបញ្ចាំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បញ្ហាទាំង២នេះ ធ្វើឱ្យសហគ្រិនស្ត្រីជាច្រើនមិនមានលទ្ធភាពទទួលបានហិរញ្ញប្បទានដែលមានតម្លៃសមរម្យ។ យើងសូមថ្លែងអំណរគុណដល់ Boost Capital និងធនាគារវីងដែលមានឆន្ទៈ ក្នុងការធ្វើជាដៃគូជាមួយយើងដើម្បីផលប្រយោជន៍របស់សហគ្រិនស្ត្រី»

ការចាប់ផ្តើមភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឌីជីថលទាំង២ (វីង និង Boost) គឺដើម្បីរៀបចំ ផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាមគោលដៅ ហើយគម្រោង WE Act នឹងពង្រីកឱកាសសម្រាប់សហគ្រិនស្ត្រីវ័យក្មេងក្នុងការទទួលបានធនធានហិរញ្ញវត្ថុដែលមានតំលៃសមរម្យ។ គំនិតផ្តួចផ្តើមនេះ នឹងផ្តល់ល័ក្ខខ័ណ្ឌអនុគ្រោះលើប្រាក់កម្ចខ្នាតតូចដល់សហគ្រិនស្ត្រីវ័យក្មេងជាង៥០០នាក់ និងផ្តល់ឱ្យពួកគេនូវចំណេះដឹងហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងអាជីវកម្មបាន។

លោក ហោ ប៊ុនថែ បានថ្លែងថា៖ «តាមរយៈភាពជាដៃគូនេះ យើងនឹងអាចផ្តល់ការគាំទ្រហិរញ្ញប្បទានដល់សហគ្រិនស្ត្រីនៅទូទាំងប្រទេសកម្ពុជា ដែលមិនត្រូវបានយកចិត្តទុកដាក់ ដោយជួយពួកគេឱ្យផ្តោតលើការពង្រីក និងកែលំអអាជីវកម្ម ទោះបីជាបច្ចុប្បន្នមានការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ។ ធនាគារវីងប្តេជ្ញាចិត្តចំពោះចក្ខុវិស័យរបស់យើងក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ»។

Boost និងធនាគារវីងនឹងផ្តល់នូវផលិតផលប្រាក់កម្ចីដែលមានលក្ខណៈប្លែកពីគេសម្រាប់សហគ្រិនស្ត្រីវ័យក្មេងដែលមានអាជីវកម្មមិនបានចុះបញ្ជី និងមិនមានទ្រព្យបញ្ចាំ ទោះបីក្រុមហ៊ុនទាំងពីរនេះនៅតែផ្តល់នូវអត្រាការប្រាក់ដែលមានការប្រកួតប្រជែងខ្ពស់ក៏ដោយ។ Boost នឹងផ្តល់នូវដំណើរការទទួលបានសេវា និងផលិតផលហិរញ្ញវត្ថុ និងដំណើរការកម្ចីតាមឌីជីថលដែលមានភាពងាយស្រួល និងរហ័ស ដែលផ្តល់នូវប្រសិទ្ធភាព និងកាត់បន្ថយការចំណាយសម្រាប់អ្នកស្នើសុំកម្ចី។

បច្ចេកវិទ្យារបស់ Boost Capital ដែលបំពាក់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ហ្វាយនែនសល ភីអិលស៉ី (MIA Financial PLC) អនុញ្ញាតឱ្យសហគ្រិនស្ត្រីដាក់ពាក្យស្នើសុំប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងពីកម្មវិធីទូរស័ព្ទវៃឆ្លាត (Smartphone) ដោយចំណេញទាំងពេលវេលា និងថវិកា និងអនុញ្ញាតសហគ្រិនស្ត្រីផ្តោតលើការពង្រីកអាជីវកម្មដោយមិនចាំបាច់មកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះផ្ទាល់នោះទេ។

ធនាគារវីងនឹងប្រតិបត្តិការគំរូកូនកាត់ ដោយផ្តល់ប្រាក់កម្ចីតាមរយៈបណ្តាញភ្នាក់ងារដ៏ធំរបស់ខ្លួនដែលមានភ្នាក់ងារចំនួនជិត ១០.០០០ នៅទូទាំងប្រទេស និងការទូទាត់សងតាមរយៈវេទិកាឌីជីថលដែលផ្តល់ឪកាសកាន់តែច្រើន និងការទទួលបានកម្ចីកាន់តែប្រសើរសម្រាប់អតិថិជន។

លោកស្រី Lucinda Revell បានថ្លែងថា៖ «សហគ្រិនស្ត្រីដែលសកម្មចង់ទទួលបានហិរញ្ញប្បទានដើម្បីពង្រីកអាជីវកម្ម។ ការដាក់ពាក្យស្នើសុំប្រាក់កម្ចីពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាជាមួយបច្ចេកវិទ្យារបស់យើងធ្វើឱ្យមានភាពងាយស្រួលសម្រាប់ពួកគេក្នុងការទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលពួកគេអាចទុកចិត្តបានដើម្បីគាំទ្រតម្រូវការអាជីវកម្មរបស់ពួកគេ។ តាមរយៈដៃគូគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់យើង យើងបានផ្តល់ប្រាក់កម្ចីជាង១លានដុល្លាររួចហើយ ហើយយើងរីករាយក្នុងការបន្តគាំទ្រដល់អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រី»